មាស សុខសោភា ជាកំពូលតារាចម្រៀងស្រីដែលគ្រប់គ្នាដាក់រហ័សនាមថា រាជិនីសំឡេង ព្រោះទឹកដមសំនៀងរបស់នាងពិតជាក្រអួនក្រអៅ តាំងពីប្រឡូកសិល្បៈរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីអាជីពតារាចម្រៀង និងការថត MV សោភា ក៏ទទួលធ្វើទូតសុឆន្ទៈផលិតផល ថតស៉្បតពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងមានក្រុមហ៊ុនជាអាជីវកម្មផ្ទាល់ខ្លួនទៀតផង។
តារាស្រីល្បីឈ្មោះរូបនេះ ត្រូវគេដឹងថា មានភាគហ៊ុនក្នុងអាជីវកម្មផ្សេងៗ ដែលនាងមិនមែនជាអ្នកឈរឈ្មោះ។ តួយ៉ាង ថ្មីៗនេះគេទើបដឹងថា មាស សុខសោភា និងស្វាមី ក៏មានភាគហ៊ុនក្នុងគម្រោងបុរី បុស្បា ដែលនាងឈរជាទូតសុឆន្ទៈនោះផងដែរ មិនមែនគ្រាន់តែជា BA ថតផ្សព្វផ្សាយប៉ុណ្ណោះទេ។

ទម្លាយឱ្យដឹងក្នុងពិធីសម្ពោធជាផ្លូវការនៃការិយាល័យកណ្ដាលក្រុមហ៊ុនបុស្បា និងសន្និសីទសារព័ត៌មាន ស្ដីអំពីពានរង្វាន់ ម្ចាស់បទ «ឧត្តមស្វាមី» រូបនេះបានឱ្យដឹងថា កន្លងមកនាងធ្លាប់ចាញ់រឿងដីខ្យល់ជាច្រើនកន្លែង បើគិតជាលុយខ្ទង់សែនដុល្លារឯណោះ។


អតីតតារាចម្រៀងទ្រនំ រាម បន្តថា ដីភាគច្រើនដែលនាងចាញ់បោកគេនោះជាគម្រោងខ្យល់ បានន័យថា ជាគម្រោងដែលអត់ទៅមុខ ដោយគិតមកទល់ពេលនេះរយៈពេលជាងមួយឆ្នាំហើយ ដែលគម្រោងនោះសន្យាថាដោះស្រាយឱ្យ តែមិនឃើញចេញជាលទ្ធផលអ្វីឡើយ ហើយពេលនេះក៏នៅបន្តមានរឿងក្តីក្តាំងខ្លះនៅដោះស្រាយបន្តបន្ទាប់។
មាស សុខសោភា រំលឹកឱ្យដឹងថា ដីដែលនាងបាត់បង់ដោយសារគម្រោងខ្យល់មានច្រើនកន្លែងណាស់ រួមមាន បុរី និងដីឡូត៍ ជាដើម តែនាងមិនបានបញ្ជាក់ទីតាំងជាក់លាក់ណាមួយទេ ប្រាប់តែថា នាងជាមនុស្សដែលចូលចិត្តវិនិយោគទិញដី និងអចលនទ្រព្យតាំងពីក្មេង ពោលគឺជាង ១០ ឆ្នាំមុនមកម្ល៉េះ។ ប្រាក់កាក់ដែលសន្សំបានពីការច្រៀង ភាគច្រើននាងប្រមូលទៅទិញដីអស់ ដល់ពេលគេបោកទៅ អត់ដឹងហាមាត់ជេរគេបែបម៉េច ព្រោះអត់ចេះជេរ មានតែស្ងាត់ទៅ។ ម៉្យាង យើងមានឈ្មោះជាអ្នកសិល្បៈផងរឹតលាក់បាំង ព្រោះមិនចង់ខ្មាស់គេ ទើបពេលនេះនាងដាក់ចិត្តទម្លាយឱ្យដឹង។


មែនទែនទៅ ម្ចាស់បទ «ដោះសា» ថា នាងក៏មានអារម្មណ៍សោកស្តាយដែល តែចាត់ទុកថា នេះជាមេរៀនសម្រាប់ខ្លួនឯងទៅថ្ងៃមុខ ហើយនាងចង់ផ្តាំទៅបងប្អូនឱ្យប្រុងប្រយ័ត្នខ្ពស់ កុំឱ្យចាញ់បោកគេដូចនាង។ ក្រឡេកមកការឈរជើងជា BA និងការដែលមានចំណែកជាមួយបុរីបុស្បាវិញនោះ គឺការសម្រេចចិត្តទិញភាគហ៊ុនខ្លះក្នុងរបស់បុរីនេះ គឺដោយសារនាង និងស្វាមី មើលឃើញថា ការនិយាយស្តី និងទង្វើ (ធ្វើលើសពីនិយាយ)។ មួយទៀត គ្រប់គ្នាមានជំនាញច្បាស់លាស់ ដូច្នេះទើបនាងគិតថា ទិញភាគហ៊ុនក្នុងនេះទៅទុកជាការវិនិយោគផងដែរ៕























Account
Security
Favourite Content