រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាសម្ដែងថៃ Mario Maurer បានក្លាយជាតារាសម្ដែងជួរមុខមួយរូប ហើយបើទោះជារូបលោកបានសម្ដែងភាពយន្ត និងរឿងភាគល្បីៗជាច្រើន ប៉ុន្តែភាពយន្ត BL រឿង “Love of Siam” កាលពីឆ្នាំ២០០៧ នៅតែជារឿងដែលស្ថិតក្នុងចិត្តរបស់អ្នកគាំទ្រជាច្រើន។

ថ្មីៗនេះដែរ នៅពេលចូលសម្ភាសក្នុងកម្មវិធី Woody FM Special តួឯកប្រុសវ័យ ៣៥ឆ្នាំរូបនេះក៏បានរំឭកពីភាពយន្ត “Love of Siam” នេះដែលបានធ្វើឱ្យរូបគេចាប់ផ្ដើមមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈរហូតមកដល់បច្ចុប្បន្ន ដោយនិយាយថា៖
“កន្លងផុត ១៦ឆ្នាំទៅហើយ នេះជាភាពយន្តទីមួយក្នុងជីវិតខ្ញុំតែម្ដង។ ដំបូងឡើយពេលទៅសម្ដែងសាក អ្នកដឹកនាំបានប្រាប់ថា រឿងនេះមានថើបមាត់ជាមួយមនុស្សប្រុសណា។ ពេលម៉ាក់ដឹង គាត់ក៏សួរថាគេឱ្យថ្លៃឈ្នួលប៉ុន្មាន?” ហើយ Mario ក៏ឆ្លើយថាបានខ្ទង់ ១៧ម៉ឺនបាត (៤៧០០ដុល្លារ)។ ពេលនោះម្ដាយ Mario ក៏និយាយថា៖ “យកទៅកូន ប៉ុណ្ណឹងថ្លៃហើយ បើជាម៉ាក់វិញតែ ៥ម៉ឺនបាត (១៤០០ដុល្លារ) ព្រមបាត់ហើយ”។
បន្ទាប់ពីបានទទួលជោគជ័យក្នុងរឿងដំបូងនេះ Mario ក៏មានស្នាដៃសម្ដែងឱ្យអ្នកគាំទ្របានទស្សនាជាហូរហែទាំងភាពយន្តខ្នាតធំនិងរឿងភាគទូរទស្សន៍ ដូចជារឿង “Fisrt Love” ជាមួយ Baifern នៅឆ្នាំ២០១០ ភាពយន្តដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រកុនថៃ “Pee Mak” ក្នុងឆ្នាំ ២០១៣ ជាមួយ Mai Davika និងរឿង “គ្រូពេទ្យថងឯក” ទាំងពីរភាគជាមួយ Kimberly ជាដើម។ សម្រាប់តម្លៃខ្លួនរបស់លោកក្នុងការថតរឿងភាគនាពេលបច្ចុប្បន្នគឺប្រហែល ១សែនបាត (២៧០០ដុល្លារ) ក្នុងមួយភាគ ដូច្នេះមួយរឿងចប់គឺអាចខ្ទង់ ៣ទៅ៥ម៉ឺនដុល្លារ ខណៈតម្លៃខ្លួនពេលចូលរួមកម្មវិធីគឺចាប់ពី ៣សែនបាត (ប្រហែល ៨៣០០ដុល្លារ) ៕





























Account
Security
Favourite Content