ក្រោយជាប់តំណែង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ កំលោះតូច លីម តិចម៉េង កាន់តែមមាញឹកខ្លាំងឡើង ទាំងការច្រៀងសម្តែង និងការងារថតផ្សព្វផ្សាយផលិតផលផ្សេងៗ។ យ៉ាងណាក្ដី ថ្មីនេះៗម្ចាស់បទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» ស្រាប់តែបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្លូវការ បង្ហាញពីគោលជំហរមិនផ្សព្វផ្សយល្បែងស៊ីសង ដែលគេកំពុងផុសផុលក្នុងការផ្សព្វផ្សាយនោះឡើយ។

កំលោះតូច សម្លេងធំ លីម តិចម៉េង រៀបរាប់ថា «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងសុីសង Online ព្រោះខ្ញុំមិនចង់អោយមនុស្សជំនាន់ក្រោយមើលគំរូ នឹង មិនចង់បន្សល់ឈ្មោះ…ទៅថ្ងៃក្រោយទេ សូមយោគយល់មិនថាថ្ងៃនេះថ្ងៃក្រោយគឺ១ជីវិតខ្ញុំនៅតែប្រកាន់គោលការណ៍មួយនេះជារៀងរហូត ពីខ្ញុំបាទ លីម តិចម៉េង សូមបងប្អូនដែលទទួលការងារនេះ នឹង ម្ចាស់ល្បែងសុីសង online ទាំងអស់មេត្តាអធ្យាស្រ័យ គោលបំណងខ្ញុំគ្រាន់តែចង់អោយបងប្អូនទូទាំងប្រទេសយល់ថា គុណធម៍ជីវិត វាពិតជាសំខាន់ក្នុងនាមជាមនុស្ស»។

ហ្វេនៗជាច្រើនបានបង្ហាញការគាំទ្រគោលជំហរមិនទទួលផ្សព្វផ្សយល្បែងស៊ីសងរបស់ លីម តិចម៉េង ថែមទាំងសរសើរថា តិចម៉េង ធ្វើបានល្អទៀតផង។ បន្ថែមពី Statusខាងលើ តិចម៉េង ក៏បាន Comment ទៀតថា «លុយ ការងារ អ្នកណាក៏ចង់បានដែរតែគ្រប់យ៉ាងគ្រាន់តែដើម្បីបាយ៣ពេលមិនអាចបំផ្លាញគុណធម៍មនុស្សម្នាក់ៗបានទេ» ដែលការលើកឡើងនេះ ចាក់ចំចិត្តប្រិយមិត្តអ្នកគាំទ្រតែម្តង ព្រោះរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសិល្បករ-សិល្បការនីខ្មែរមួយចំនួននាំគ្នាទទួលធ្វើការងារផ្សព្វផ្សាយពីល្បែងស៊ីសង Onlineនេះ។ ហ្វេនៗខ្លះបានចាត់ទុក តិចម៉េង ជាគំរូល្អសម្រាប់អ្នកសិល្បៈផ្សេងទៀត ព្រោះលោកក្លាហានហ៊ានបដិសេធការងារប្រទេសនេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិយើង។



យ៉ាងណាមិញ មិនមែនមានតែ លីម តិចម៉េង មួយប៉ុណ្ណោះទេ ដែលដាច់ខាតមិនទទួលផ្សព្វផ្សាយពីល្បែងស៊ីសងអនឡាញ ដោយកន្លងមកក៏ធ្លាប់មានសិល្បករ-សិល្បការនីមួយចំនួនដែលដាច់ខាតមិនទទួលធ្វើការងារនេះ ដូចជា អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ជាដើម៕




















































Account
Security
Favourite Content