ថ្មីៗនេះតារាសម្ដែងស្រី Lee Si Young បានបង្ហាញរូបរាងថ្មីជាមួយសាច់ដុំធំៗគួរឱ្យចាប់អារម្មណ៍នៅលើបណ្ដាញសង្គម Instagram ដោយនេះគឺជាកម្រិតនៃកាយសម្បទាមួយដែលសូម្បីតែបុរសក៏មិនស្រួលក្នុងការសម្រេចបាននោះទេ។ នៅក្នុងការបង្ហោះនោះផងដែរ នាងក៏បានភ្ជាប់ជាមួយចំណងជើងថា “ស្មានតែខ្លួនឯងជាបុរស” ទៀតផង។

ជាមួយគ្នានេះ នាងបានបង្ហោះឃ្លីបវីដេអូខ្លីៗជាច្រើនដែលបង្ហាញពីការប្រឹងប្រែងហ្វឹកហាត់លើកដុំដែកដើម្បីរក្សាសាច់ដុំអំឡុងពេលថតរឿង Sweet Home 2 ផងដែរ។ លើសពីនេះ តារាសម្ដែងស្រីរូបនេះក៏បានបង្ហាញផ្នែកខាងក្រោយខ្នងដែលមានស្មាធំទូលាយ និងសាច់ដុំមិនចាញ់មនុស្សប្រុសនោះទេ។


ជាពិសេសបន្ទាប់ពីបង្ហោះរូបភាពនេះ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រស្ទើរតែមិនជឿថានេះគឺជារូបរាងពិតប្រាកដរបស់នាងឡើយដោយពួកគេគិតថានេះគ្រាន់ជារាងកាយដែលកាត់តដោយបច្ចេកទេសក្រាហ្វិកកុំព្យូទ័រប៉ុណ្ណោះព្រោះនៅរដូវកាលទី ១ នាងមានរូបរាងតូចស្រឡូនស្អាតខ្លាំងណាស់។



អំឡុងពេលសម្ភាសជាមួយសារព័ត៌មានកូរ៉េ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានឱ្យដឹងថានេះគឺជាសាច់ដុំពិតៗរបស់នាង មិនមានបច្ចេកវិទ្យាកាត់តអ្វីនោះទេ។ នាងបានបន្ថែមថានៅក្នុងរឿង Sweet Home 2 នាងដើរតួអង្គអតីតអ្នកពន្លត់អគ្គីភ័យ ដូច្នេះនាងគួរតែផ្ដោតទៅលើរាងកាយមាំទាំជាជាងរាងកាយតូចស្លីម។ លើសពីនេះ នាងបានចំណាយពេលមិនតិចជាងមួយឆ្នាំឡើយ ហើយនាងថែមទាំងបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយគ្រូបង្វឹករបស់នាងផងដែរដើម្បីបង្ហាញសាច់ដុំឱ្យកាន់តែមានភាពលេចធ្លោ ដូច្នេះនាងនៅតែបញ្ជាក់ម្ដងហើយម្ដងទៀតថានេះគឺសាច់ដុំពិតប្រាកដដោយមិនមានកាត់តក្រាហ្វិកអ្វីទាំងអស់៕
























































Account
Security
Favourite Content