តារាសម្ដែងកូរ៉េ Lee Do Hyun បានរំសាយចេញពីជួរកងទ័ពហើយថ្ងៃនេះ ជាការបញ្ចប់ទាំងកាតព្វកិច្ចបម្រើជាតិ និងបញ្ចប់ការរង់ចាំរយៈពេលជិត២ឆ្នាំរបស់មិត្តស្រីរបស់លោកគឺតារាសម្ដែង Lim Ji Yeon។


នៅថ្ងៃទី១៣ ខែឧសភានេះ តារាសម្តែងវ័យ ៣០ ឆ្នាំបានបញ្ចប់កាតព្វកិច្ចយោធាដែលមានរយៈពេលប្រហែល ២១ ខែនៅក្នុងក្រុមយោធាកងទ័ពអាកាសដោយនឹងត្រលប់ទៅប្រើប្រាស់ជីវិតស៊ីវិលវិញ ស្របពេលមានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ។
ទោះបីជាបានចូលបម្រើទ័ពតាំងពីខែសីហាឆ្នាំ ២០២៣ ក៏ដោយ ក៏ប៉ុន្តែ Lee Do Hyun នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបានរហូតតាមរយៈស្នាដៃដែលលោកបានថតទុកដូចជាភាពយន្ត ‘Exhuma’ និងរឿងភាគ ‘Sweet Home’ របស់ Netflix ខណៈជីវិតស្នេហារបស់លោកក៏ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជារឿយៗដែរ។ ជាក់ស្ដែង នៅឯកម្មវិធី Baeksang Arts Awards លើកទី ៦០ លោកក៏បានឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អឆ្នើមសម្រាប់ខ្សែភាពយន្ត ‘Exhuma’ ថែមទាំងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនក្នុងឯកសណ្ឋានកងទ័ព និងបាននិយាយអរគុណមិត្តស្រី Ji Yeon ជាសាធារណៈ។
បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា Lee Do Hyun ត្រូវបានគេរំពឹងថានឹងបន្តអាជីពសម្ដែងរបស់ខ្លួនវិញពេញទំហឹង។ បច្ចុប្បន្ន លោកកំពុងពិចារណាតួនាទីជាតួឯកក្នុងរឿងភាគថ្មីរបស់អ្នកនិពន្ធ Hong Sisters ដែលមាន Go Min Si ជាតួឯកស្រី។


កើតក្នុងឆ្នាំ ១៩៩៥ Lee Do Hyun បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគ ‘Prison Playbook’ នៅឆ្នាំ ២០១៧ ហើយក៏ទទួលបានការគាំទ្រជាបន្តបន្ទាប់តាមរយៈរឿងភាគល្បីៗដូចជា Sweet Home (២០២០), ‘Youth of May’ (២០២១) និង ‘The Glory’ (២០២២) ជាដើម។
ខណៈដែលលោកបានបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការ អ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិអបអរសាទរ និងរំភើបចិត្តសម្រាប់ការជួបជុំគ្នាឡើងវិញរបស់លោកជាមួយមិត្តស្រី Lim Ji Yeon បន្ទាប់ពីការរង់ចាំដោយអត់ធ្មត់អស់រយៈពេល ២១ ខែកន្លងមក ៕

























Account
Security
Favourite Content