Kylie Jenner ត្រូវបានមហាជន និងអ្នកស្នេហាវិស័យ fashion ជាច្រើនស្គាល់ថាជាតារាបង្ហាញម៉ូដដ៏មានប្រជាប្រិយភាពព្រមទាំងជាសេដ្ឋីនីវ័យក្មេងទៀតផង។ នៅឆ្នាំ ២០១៤ ក្នុងវ័យ ១៧ ឆ្នាំ Kylie Jenner បានចាប់ផ្ដើមបង្កើតអាជីវកម្មប្រេនគ្រឿងសម្អាងផ្ទាល់ខ្លួនរហូតដល់ជោគជ័យទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ Kylie ក៏បានបង្កើតប្រេនសម្លៀកបំពាក់ផ្ទាល់ខ្លួនដោយមានឈ្មោះម៉ាកយីហោ KHY។ ចំពោះអត្ថន័យនៅក្រោយពាក្យ KHY នេះគឺ Ky តំណាងឱ្យឈ្មោះរបស់នាង Kylie Jenner និងសម្រាប់អក្សរ H នៅចំកណ្ដាលតំណាងឱ្យជោគវាសនា សំណាងល្អ និងការតាំងចិត្ត។



នៅក្នុងការសម្ភាសជាមួយទស្សនាវដ្ដី Elle តារាបង្ហាញម៉ូដស្រីរូបនេះការបង្កើតប្រេនសម្លៀកបំពាក់គឺសុបិនរបស់នាងតាំងពីក្មេងមក ហើយពេលនេះនាងក៏អាចសម្រេចបានហើយ។ មិនត្រឹមប៉ុណ្ណេះ Kylie ក៏បានប្រាប់ថាគោលដៅចម្បងក្នុងការបង្កើតប្រេនសម្លៀកបំពាក់របស់នាងគឺដើម្បីសហការជាមួយអ្នកច្នៃម៉ូដដ៏អស្ចារ្យ ហើយក៏ជាការប្រមូលផ្ដុំម៉ូដសម្លៀកបំពាក់ប្លែកៗស្អាតៗដែលមនុស្សគ្រប់គ្នាអាចប្រើប្រាស់បាន។


នាងបានបន្ដថាសម្រស់ និងការលេងស្ទីលសម្លៀកបំពាក់គឺត្រូវតែដើរទន្ទឹមគ្នាព្រោះនាងគិតថាគ្រប់ផ្នែកដែលយកមកដាក់លើរាងកាយនាងអាចធ្វើឱ្យនាងស្អាត ហើយក៏អាចធ្វើឱ្យអាក្រក់បានដែរ ដូច្នេះចំណុចតូចៗបែបនេះពិតជាមានសារៈសំខាន់ណាស់។
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺសម្លៀកបំពាក់នីមួយៗត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែក្រោម ២០០$ តែប៉ុណ្ណោះ បើទោះបីជាប្រេនសម្លៀកបំពាក់មួយនេះត្រូវបានបង្កើតឡើងដោយតារាបង្ហាញលំដាប់ពិភពលោកក៏ដោយ។ មុនពេលសម្រេចចិត្តការដាក់ក្នុងតម្លៃមួយនេះ Kylie តែងតែគិតថាគួរធ្វើបែបណាឱ្យមានប្រណិតភាព មើលទៅអស្ចារ្យហើយមនុស្សទាំងអស់អាចទទួលយកបានក្នុងការប្រើប្រាស់។



គួរបញ្ជាក់ដែរថា យោងតាមគេហទំព័រ International The News ត្រឹមមួយម៉ោងដំបូងនៃការដាក់លក់ប្រេនសម្លៀកបំពាក់ KHY ដំបូងតារាបង្ហាញម៉ូដ Kylie Jenner អាចរកប្រាក់ចំណូលរហូតដល់ ១ លានដុល្លារសហរដ្ឋអាមេរិក ហើយត្រឹមរយៈពេលប្រហែល ២ ថ្ងៃបានធ្វើឱ្យម៉ូដសម្លៀកបំពាក់ខ្លះដាច់ស្តុកបាត់ទៅហើយ ៕






















































Account
Security
Favourite Content