ក្រោយចំណាយពេលស្រលាញ់មើលចិត្តថ្លើមគ្នារយៈពេលប្រមាណ ៧ ឆ្នាំរួចមក ទីបំផុតតារាចម្រៀងមនោសញ្ចេតនា គូម៉ា ដល់ពេលដឹកដៃគូស្នេហ៍ ម៉ៅ គឹមធីតា ដែលជាតារាសម្ដែង រៀបការតាមប្រពៃណីខ្មែរ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

កូនកំលោះកូនក្រមុំទាំងពីររូបហាក់ស្ងប់ស្ងាត់មិនបញ្ចេញដំណឹងមង្គលការលើបណ្តាញសង្គម តែមិត្តសិល្បករជិតស្និទ្ធរបស់ គូម៉ា បានទៅចូលរួមហើយថតរូបបង្ហោះឱ្យហ្វេនៗបានដឹងដំណឹងដ៏រីករាយនេះទៀតផង។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រតារាចម្រៀងសម្បុរស្រអែម គូម៉ា នាំគ្នាបានសម្តែងការត្រេអរ និង បានផ្ញើសារជូនពររូបលោក និងតារាសម្តែងរូបស្រស់ ម៉ៅ គឹមធីតា គ្រប់ៗគ្នា ព្រោះដូចដឹងស្រាប់ហើយថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរឆ្លងកាត់ព្យុះភ្លៀងច្រើនណាស់ទម្រាំដែលឈានដល់ដំណាក់កាលចូលរោងជ័យនៅពេលនេះ។



ថ្វីដ្បិតពិធីមង្គលមង្គលការនេះត្រូវរៀបចំឡើងបែបស្ងាត់ៗដោយមិនមានការប្រកាសឱ្យសាធារណជនដឹងឮក៏ពិតមែន តែគេដឹងមកថា ម្ចាស់បទ «ញ៉ែប៉ះមេម៉ាយ» និងគូស្នេហ៍ បានដើរចែកធៀបការមួយរយៈមកហើយ ដូច្នេះប្រហេលអាចនឹងមានវត្តមានសិល្បករ-សិល្បការិនីច្រើនកុះករចូលរួមមង្គលការអ្នកទាំងពីរ ព្រោះ គូម៉ា និង ធីតា ក៏ជាសិល្បករដែលមានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈកម្ពុជា ហើយមានគេស្រលាញ់រាប់អានច្រើនទៀតផង៕























Account
Security
Favourite Content