បេក្ខនារី ១៦ រូបដែលធំធាត់នៅប្រទេសបារាំងបាននាំគ្នាដាក់ពាក្យចូលប្រកួតកញ្ញាឯកកម្ពុជា ប្រចាំប្រទេសបារាំង។ ជាលទ្ធផល កម្មវិធីបានរកឃើញម្ចាស់ជយលាភី ដែលមានទាំងសម្រស់ ចំណេះដឹង និងភាពជាខ្មែរ នោះគឺកញ្ញា Klara Monory Caillaux ។

កាលពីថ្ងៃសៅរ៍ ទី ២៨ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅ សហគមន៍ខ្មែរនៅប្រទេសបារាំង បានរៀបចំការប្រឡងប្រជែងជ្រើសរើសបវរកញ្ញាតំណាងកម្ពុជា ប្រចាំប្រទេសបារាំង នៅប៉ាវីយ៉ុង បាល់តា ទីក្រុងប៉ារីស ហើយបានរកឃើញម្ចាស់ជយលាភី នៃ Miss Cambodge en France 2026 ក្នុងចំណោមបេក្ខភាពទាំង ១៦នាក់ ដែលសុទ្ធសឹងជាកូនខ្មែរដែលធំធាត់ និងរស់នៅក្នុងប្រទេសបារាំង នោះគឺ កញ្ញា ក្លារ៉ា ម៉ូណូរី ។







សម្រាប់កម្មវិធីប្រកួតប្រជែងសម្រស់ លើទឹកដីបារាំងនាពេលនេះ មិនត្រឹមជាការស្វែងរកបវរកញ្ញាតំណាងកម្ពុជា លើទឹកដីនៃប្រទេសបារាំងនោះទេ តែជាការបង្ហាញក៏ដូចជាផ្សព្វផ្សាយនូវទំនៀមទម្លាប់ វប្បធម៌ និងសម្លៀកបំពាក់បុរាណខ្មែរផងដែរ។
គួរឱ្យដឹងថា កម្មវិធីប្រកួតជ្រើសកញ្ញាឯកកម្ពុជាប្រចាំប្រទេសបារាំង មានការចូលរួមពីសមាជិកព្រឹទ្ធសភា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង គណៈមេប្រយោគ ១០ រូប ព្រមជាមួយភ្ញៀវជាតិអន្តរជាតិ ដែលកំពុងមានវត្តមានរស់នៅតាមតំបន់ជាច្រើន ក្នុងប្រទេសបារាំង ក៏បានបង្ហាញវត្តមានចូលរួម ដើម្បីបានឃើញនូវវប្បធម៌ប្រពៃណី ដែលស្ដែងចេញក្នុងកម្មវិធីដែលរៀបចំដោយសហគមន៍ខ្មែរនៅប្រទេសបារាំង។
គួរបញ្ជាក់បន្ថែមដែរថា សព្វថ្ងៃនេះ កម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាកម្ពុជានៅឯនាយសមុទ្រ ឃើញថានៅសល់តែកញ្ញាឯកខ្មែរ ប្រចាំប្រទេសបារាំង ប៉ុណ្ណោះ ខណៈ Miss Cambodian-American និង Miss Cambodian-Australian មកដល់បច្ចុប្បន្ននេះ លែងឃើញមានការប្រកួតហើយ៕
រូបភាព ៖ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង & Miss Cambodge en France

























Account
Security
Favourite Content