Kim JaeJoong ជាតារាប្រុសខេប៉ុបដែលល្បីល្បាញម្នាក់ ដោយលោកធ្លាប់ជាអតីតសមាជិកក្រុមចម្រៀងល្បី TVXQ និងជាសមាជិកក្រុមចម្រៀង JYJ នាពេលបច្ចុប្បន្ន។
ថ្មីៗ នេះ លោកបានរំឭកពីរឿងអតីតកាលមួយដែលលោកស្ទើរមិនអាចបំភ្លេចបានពេញមួយជីវិត ជាពិសេសក្រោយជួបរឿងនោះហើយ លោកមានអារម្មណ៍ថាពិតជាខ្លាចមនុស្ស។ លោកបានចូលរួមក្នុងកម្មវិធី “Midnight Horror Story 4” របស់ MBC និងបាននិយាយពីរឿង អ្នកគាំទ្ររោគចិត្ដធ្លាប់បំពានលើរូបលោក។


លោកបានលើកឡើងថា៖ អ្នកគាំទ្ររោគចិត្ដទាំងនោះពិតជាគួរឲ្យខ្លាចជាងខ្មោចលងទៅទៀត។ លោកមិនខ្លាចខ្មោចនោះទេ ប៉ុន្ដែលោកខ្លាចពពួកអ្នកគាំទ្ររោគចិត្ដ។ លោកប្រហែល ជាតារាខេប៉ុបម្នាក់ក្នុងចំណោមអ្នកដែលទទួលបានការតាមរំខានខ្លាំងជាងគេពីក្រុមអ្នកគាំទ្ររោគចិត្ដ។ លោកមានបទពិសោធន៍ជូរចត់ និងគួរឲ្យខ្លាចខ្លាំង។
លោកបានបន្ដថា៖ ធ្លាប់មានអ្នកគាំទ្ររោគចិត្ដបានលួចចូលមកក្នុងផ្ទះរបស់លោកនៅពេលយប់។ កំលុងពេលដែលលោកកំពុងគេងលង់លក់ អ្នកគាំទ្រនោះបានថើបលោក និងព្យាយាមបំពានលើលោក។ លោកពិតជាមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលភ្ញាក់ពីគេង ហើយស្រាប់តែឃើញមនុស្សស្រីមិនស្គាល់មុខម្នាក់នៅពីលើរូបលោក វាពិតជារឿងគួរឲ្យភ័យខ្លាច។



លោកបន្ដទៀតថា៖ ដំបូងលោកស្មានតែជាការយល់សប្ដិ ដោយសារផ្ទះលោកបិទជិតដូច្នេះគ្មានមនុស្សណាអាចចូលមកបានទេ លោកក៏ព្យាយាមគេងទៅវិញ ប៉ុន្ដែនៅពេលបើកភ្នែកម្ដងទៀត មនុស្សស្រីចម្លែកនោះ នៅកន្លែងដដែល។ វាយឺតពេលបាត់ទៅហើយ ដែលបញ្ឈប់នាងពីការបំពានលើរូបលោក។
លោកបន្ថែមថា៖ ជារៀងរាល់យប់ គឺតែងតែមានមនុស្សមកគោះទ្វារ និងស្ទាបទ្វារផ្ទះលោក និងព្យាយាមរកវិធីចូលមកក្នុង។ ធ្លាប់មានអ្នកគាំទ្ររោគចិត្ដម្នាក់ទម្លាយពីមូលហេតុដែលនាងធ្វើបែបនេះ គឺដោយសារចង់ស្ទាបនូវកន្លែងដែលតារាប្រុស Kim JaeJoong បានស្ទាប ដូចជាទ្វារផ្ទះ ឬកន្លែងចុចលេខកូតផ្ទះជាដើម។



គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះទេដែលលោកនិយាយពីរឿង អ្នកគាំទ្ររោគចិត្ដ។ ជារឿយតារាប្រុសរូបនេះតែងតែនិយាយពីរឿងជីវិតរបស់លោកត្រូវបានតាមរំខាន គ្មានភាពឯកជនពីពពួកអ្នកគាំទ្ររោគចិត្ដទាំងនេះ។ កាលពីមួយរយៈមុន រូបលោកក៏បានបង្ហោះសារខឹងសម្បារទាក់ទិននឹងអ្នកគាំទ្ររោគចិត្ដតាមរំខានលោកផងដែរ ៕

























Account
Security
Favourite Content