មិនមើលនឹងភ្នែក តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្ម Galaxy Navatra ខេម បានជួយឧបត្ថម្ភក្មេងប្រុសកម្សត់ម្នាក់ ដែលវីដេអូត្រូវផុសដោយអ្នកគ្រូប្រចាំថ្នាក់ផ្ទាល់កាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យមហាជន និងបុគ្គលល្បីៗជាច្រើនរំជួលចិត្តសឹងគ្រប់គ្នា។ ម្ចាស់បទ «នឹកពេលណា យំពេលនោះ» ក្នុង១ខែ ១០០ ដុល្លារ រយៈពេលមួយឆ្នាំពេញ។

ក្រោយបានឃើញវីដេអូកម្សត់របស់ក្មេងប្រុសម្នាក់ ខេម នឹកឃើញរឿងពីអតីតកាលនៅវ័យកុមារភាពរបស់លោកជាមួយនឹងការរៀបរាប់យ៉ាងដូច្នេះថា៖ «ឃើញការលំបាកក្មួយ ពូនឹកឃើញអតីតកាលពូដែរ…»។ ក្រោយការរៀបយ៉ាងខ្លីនេះហើយលោកក៏បានសម្រេចចិត្តជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ១០០ ដុល្លារក្នុង១ខែ (រយៈពេលពេញ១ឆ្នាំ) ដើម្បីសម្រួលដល់ជីវភាព និងការរៀនសូត្ររបស់ប្អូនប្រុស។


រស់នៅក្នុងសម្បុកឥតបា គ្រួសារដែលមានតែម្ដាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងជីដូនដើរសុំទាននៅតាមផ្សារ កុមារា ញ៉ ឆានីត បានរៀបរាល់ទាំងទឹកភ្នែកដក់ជាប់ពេញកែវភ្នែកថា ខ្លួនអាណិតម៉ែព្រោះមិនសូវមានអ្នកហៅទៅលាងចាន … ខ្លួនគេផ្ទាល់ក៏មករៀនមិនសូវបានទៀងទាត់ ព្រោះត្រូវដើរតាមព្រះសង្ឃបិណ្ឌបាត។ ការរស់នៅក្នុងផ្ទះជួលដែលត្រូវបង់ជាប្រចាំខែ ៨ ម៉ឺនរៀល និងជីវភាពដែលរស់នៅខ្វះមុខខ្វះក្រោយ ធ្វើក្មេងប្រុសរូបនេះអួលដើមក ព្យាយាមលាក់ទឹកភ្នែកដែលបម្រុងស្រក់ចុះមកម្ដងៗទៅហើយ ព្រោះតែខ្លួននៅក្មេងពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយម្ដាយ និងយាយ។
ក្រោយបានអ្នកគ្រូបង្រៀនប្រចាំថ្នាក់នៅសាលាបឋមសិក្សា សម្ដេចតេជោហ៊ុនសែនមេសរជ្រៃ បង្ហោះវីដេអូរបស់កូនសិស្សប្រុសដែលមានជីវភាពលំបាករូបនេះនៅលើបណ្ដាញសង្គម បានធ្វើឱ្យមហាជនមានការអាណិតអាសូរប្អូនប្រុស និងបានជួយឧបត្ថម្ភទៅកាន់ប្អូនព្រមទាំងគ្រួសារបានខ្លះៗហើយ។

ថ្មីៗនេះតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra ខេម ក៏បានជួយឧបត្ថម្ភទៅដល់កុមារា ឆានីត ដើម្បីជាសម្រួលក្នុងការសិក្សា និងជីវភាពរបស់ប្អូនរយៈពេល ១ឆ្នាំផងដែរ៕























Account
Security
Favourite Content