តារាចម្រៀងរាងតូចច្រឡឹង កញ្ញា កែវ សុបញ្ញា បានដឹកដៃបុរសកូនកាត់ចិន លោក ប៉ាល់ ប៉ោស៊ាង ភ្ជាប់ពាក្យតាំងពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដោយគិតមកទល់ពេលនេះរយៈពេលប្រមាណជិត ២ ឆ្នាំហើយ ដែលអ្នកទាំងពីរមានឈ្មោះជាគូដណ្តឹង។

ជារឿយៗគេរមែងឃើញ បញ្ញា បណ្តើរគូដណ្តឹងទៅចូលរួមកម្មវិធីសិល្បៈផ្សេងៗយ៉ាងត្រសងដូចលលកញីឈ្មោលបណ្តើរគ្នា និងតែងតែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកទៀតផង ធ្វើឱ្យអ្នកជុំវិញខ្លួនរំជើបរំជួលចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរ។
ក្រោយសួរនាំជាមួយ ស្រីស្អាត កែវ សុបញ្ញា រូបនេះមិនលាក់លៀមទៀតនោះទេ ដោយនាងបានប្រកាសឱ្យដឹងថា នាងត្រៀមដឹកដៃអនាគតកូនកំលោះចូលរោងការនៅអំឡុងខែមករា-កុម្ភៈ ដើមឆ្នាំ ២០២៤ ខាងមុខនេះ ហើយឆាប់ៗនេះនាង និងគូដណ្តឹងចាប់ផ្តើមកក់សម្អាងការ និងកក់រោងត្រៀមសម្រាប់ថ្ងៃពិសេសនោះហើយ។ សុបញ្ញា បន្តថា នាងគ្មានគម្រោងធ្វើកម្មវិធីធំដុំខ្លាំងពេកទេ ពោលគឺធ្វើបែបល្មមៗមិនតូចពេក ហើយក៏មិនធំពេកនោះឡើយ។
ក្រឡេកមកវិស័យចម្រៀងវិញនោះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះ ក៏ត្រៀមស្នាដៃថ្មី ៣ បទ សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ តែជាក់ស្តែងអាចចេញបានប៉ុន្មានបទ គឺស្ថិតលើខាងក្រុមហ៊ុន។ ឈរជើងក្នុងទ្រនំធំស្កឹមស្កៃច្រើនឆ្នាំ កែវ សុបញ្ញា ថា នាងគ្មានគម្រោងផ្លាស់ប្តូរចេញទៅទ្រនំផ្សេងនោះឡើយ ព្រោះនៅទីនេះនាងទទួលបានការយកចិត្តទុកដាក់ ឬនិយាយងាយៗបានថា «ទឹកត្រជាក់ត្រីគង់»៕
























Account
Security
Favourite Content