នៅចុងសប្ដាហ៍ ថ្ងៃទី ២៦ ខែមេសា នេះ Lady Gaga បានចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក The Mayhem Ball World Tour នៅក្នុងប្រទេសម៉ិកស៊ិក ព្រមគ្នាជាមួយនឹងវត្តមានរបស់ Katy Perry ដែលចូលរួមក្នុងនាមជាអ្នកគាំទ្រ។


តារាស្រីម្ចាស់បទ Last Friday Night រូបនេះបានបង្ហាញវត្តមានរួមគ្នាជាមួយនឹងមិត្តម្នាក់ និងដៃគូនិពន្ធចម្រៀង Sarah Hudson ដែលបានរួមស្នាដៃគ្នាក្នុងអាល់ប៊ុមចុងក្រោយបង្អស់ឈ្មោះ “143” ក៏ដូចជាបទចម្រៀងដ៏ល្បីល្បាញ Dark Horse ជាដើម។ បន្ថែមពីនេះទៀត តារាស្រីវ័យ ៤០ឆ្នាំក៏បានបង្ហោះសំណេររៀបរាប់អារម្មណ៍របស់ខ្លួននៅលើគណនី Instagram ផងដែរ។
ជាក់ស្ដែង នៅក្នុងមុខងារ Story អ្នកចម្រៀងសញ្ជាតិអាមេរិកកាំងបានសរសេរថា៖ “ការសម្ដែងនេះគឺអស្ចារ្យណាស់! សម្លៀកបំពាក់ និងឈុតឆាកខ្សាច់! គ្រប់ពេលគឺពិតជាអស្ចារ្យណាស់។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្នក និងរីករាយដែលយើងបានធំធាត់មកជាមួយគ្នា។ Lady Gaga ខ្ញុំស្រឡាញ់អ្នក”។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះតារាស្រីទាំងពីររូបកំពុងតែមានដំណើរប្រគំតន្ត្រីរៀងៗខ្លួន។ ជាក់ស្ដែង បន្ទាប់ពីបញ្ចប់នៅក្នុងប្រទេសម៉ិកស៊ិក Lady Gaga នឹងបន្តកម្មវិធី The Mayhem Ball World Tour នៅក្នុងប្រទេសប្រេស៊ីល សិង្ហបុរី អាមេរិកខាងជើង និងបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប។
ដោយឡែកសម្រាប់ Katy Perry វិញ ក៏បានចាប់ផ្ដើមកម្មវិធីប្រគំតន្ត្រី The Lifetimes Tour ឯទីក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី២៣ ខែមេសានេះដែរ។ បន្ទាប់ពីនេះ នាងមានគម្រោងទៅសម្តែងបន្តនៅអាមេរិកខាងជើង អូស្ត្រាលី អឺរ៉ុប ចិន មុននឹងបញ្ចប់នៅឯអេមីរ៉ាតអារ៉ាប់រួម៕


























Account
Security
Favourite Content