សោកនាដកម្មក្នុងវិស័យខេប៉ុប៖ នៅពេលដែលភាពជោគជ័យ ដើរទន្ទឹមគ្នានឹងអត្តឃាត

ស្របពេលដែលខ្សែជីវិតនៅលើវិថីខេប៉ុបកំពុងតែមានដំណើរទៅកាន់ភាពជោគជ័យ តែសិល្បករមិនតិចរូបទេបានសម្រេចបញ្ចប់អនាគតរបស់ខ្លួនត្រឹមវ័យជាង ២០ឆ្នាំ។ ហេតុអ្វីបានជាតារាខេប៉ុបទាំងនេះសម្រេចចិត្តធ្វើអត្តឃាត? តើអ្វីទៅជាដើមហេតុនៃសោនាដកម្មក្នុងវិស័យមួយនេះ? ហើយតើរដ្ឋាភិបាលកូរ៉េខាងត្បូងមានវិធានការដោះស្រាយទៅលើរឿងនេះបែបណាខ្លះ?

ជាក់ស្ដែង សិល្បករដែលកំពុងតែមានអនាគតដ៏ភ្លឺស្វាងក្នុងវិស័យខេប៉ុបដូចជា Moon Bin ក្រុម Astro, Sulli ក្រុម f(x), Kim Jong-hyun ក្រុម Shinee, Goo Hara ក្រុម Kara និងតារាជាច្រើនរូបទៀត សុទ្ធតែបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯង ទាំងដែលម្នាក់ៗនៅមិនទាន់មាននរណាមានអាយុលើស ៣០ឆ្នាំនៅឡើយទេ។

តាមរយៈអត្ថបទស្រាវជ្រាវដែលមានចំណងជើងថា High rates of suicides among K-pop stars causes and background of the problem បានចង្អុលបង្ហាញថា សោកនាដកម្មនៃក្នុងវិស័យកម្សាន្ដលំដាប់ពិភពលោកមួយនេះ មានដើមចមធំៗសរុបចំនួន ៣ គឺ សម្ពាធ និងបញ្ហាប្រឈមក្នុងវិស័យខេប៉ុប សម្ពាធពីអ្នកគាំទ្រ និងបញ្ហាបរិបទសង្គម-វប្បធម៌របស់កូរ៉េខាងត្បូង។

កត្តាចម្បងមួយដែលរួមចំណែកដល់អត្រាខ្ពស់នៃការធ្វើអត្តឃាតក្នុងចំណោមតារាខេប៉ុប គឺកើតចេញពីសម្ពាធ និងការប្រឈមខ្លាំងនៅក្នុងឧស្សាហកម្មមួយនេះ។ ជាធម្មតា មុននឹងអាចក្លាយជាតារាមួយនៅក្នុងវិស័យចម្រៀងប៉ុបរបស់កូរ៉េបាន សិល្បករម្នាក់ៗត្រូវក្លាយខ្លួនជាតារាហ្វឹកហាត់ជាមុនសិន និងតម្រូវឱ្យឆ្លងកាត់កម្មវិធីបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់ និងតឹងរ៉ឹងខ្លាំង ទាំងដែលមិនអាចធានាបានថា ខ្លួនអាចនឹងទទួលបានឱកាសក្លាយជាតារាខេប៉ុបមួយរូបពិតប្រាកដ ឬក៏យ៉ាងណាទេ។ ដើមហេតុនោះគឺថា មានមនុស្សមិនតិចរូបឡើយដែលមានក្ដីស្រមៃចង់ធ្វើជាតារាក្នុងវិស័យនេះ បណ្ដាលឱ្យការប្រកួតប្រជែងក៏កាន់តែខ្ពស់ដូចគ្នា។

បន្ថែមពីនេះ វិស័យខេប៉ុប ជាវិស័យមួយដែលបានកំណត់ស្ដង់ដារខ្ពស់ខ្លាំងនៅលើគ្រប់ផ្នែកទាំងអស់ មិនថាសមត្ថភាពការច្រៀង រាំ រូបសម្រស់ និងអាកប្បកិរិយានោះទេ។ ស្ដង់ដារខ្ពស់នេះហើយ ដែលធ្វើឱ្យតារាម្នាក់ៗបាត់បង់ទំនុកចិត្ត និងនៅតែសង្ស័យទៅលើសមត្ថភាពរបស់ខ្លួន ហើយនៅតែគិតថាខ្លួនមិនទាន់អាចឈានទៅដល់ស្ដង់ដារទាំងនោះ​។ នេះជាដើមហេតុមួយដែលដាក់សម្ពាធខ្លាំងនៅលើតារាម្នាក់ៗ និងបានរួមចំណែកទៅដល់ការវិវត្តនៃបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភជាដើម។

ក្រៅពីនេះទៀត កាលវិភាគនៃការហាត់សមដែលមានរយៈពេលវែង និងសកម្មភាពច្រើនពេក ក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណេក និងពេលវេលាផ្ទាល់ខ្លួន ក៏ដូចជាពេលវេលាជាមួយនឹងមនុស្សជាទីស្រឡាញ់ ដែលជាមូលហេតុ ១បន្ថែមទៀត ទៅលើបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ជាពិសេស ចំពោះតារាហ្វឹកហាត់ដែលនៅមិនទាន់គ្រប់អាយុនៅឡើយ ក៏បានជួបនឹងបញ្ហាទទួលបានប្រាក់កម្រៃមិនសមរម្យទៅនឹងការងាររបស់ខ្លួនទៀតផង។ ជាក់ស្ដែង ករណីរ​បស់ Lee Seung-gi​ ដែលសារព័ត៌មាន Yahoo បានចុះផ្សាយថា តារាប្រុសរូបនេះបានជាប់គាំងនៅក្រោម “កិច្ចសន្យាទាសករ” របស់ Hook Entertainment អស់រយៈពេល ១៨ឆ្នាំ ទាំងមិនទទួលបានប្រាក់កម្រៃ។

ទន្ទឹមគ្នានេះ សម្ពាធពីអ្នកគាំទ្រក៏ជាកត្តាជំរុញមួយនៃការធ្វើអត្តឃាតរបស់តារាខេប៉ុបផងដែរ។ ជាទូទៅ អ្នកគាំទ្រក្នុងវិស័យនេះ តែងមានការគាំទ្រ លះបង់ និងទាមទារខ្លាំងហួសព្រំដែន កើតជាដើមចមនៃបញ្ហាផ្លូវចិត្តរបស់អាយដលម្នាក់ៗ។  ជារឿយៗ អ្នកគាំទ្រតែងមានការរំពឹងខ្ពស់ជ្រុលហួសហេតុទៅលើរូបរាងកាយ អាកប្បកិរិយា និងជីវិតផ្ទាល់ខ្លួន រហូតដល់តារាជាច្រើនរូបបានទទួលរងនូវសម្ពាធនៃការកែខៃមិនចេះចប់ បន្តដោយការបាត់បង់ឯកជនភាព និងការគំរាមកំហែងតាមអ៊ីនធឺណិត ទើបធ្វើឱ្យពួកគេបានជួបប្រទះនឹងជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ ឬឈានដល់ការបញ្ចប់ជីវិតខ្លួនឯងជាដើម។

ករណីរបស់ Sulli និង Goo Hara ជាតួយ៉ាងមួយដ៏ច្បាស់ពីបញ្ហាខាងលើនេះ។ ជាក់ស្ដែង តារាស្រីទាំងពីរសុទ្ធតែជាជនរងគ្រោះពីការគំរាមកំហែងតាមអ៊ីនធឺណិត ដោយទទួលបានមតិស្អប់ខ្ពើមជាច្រើនពីសាធារណជន ទៅលើពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយនៅលើអ៊ឺនធឺណិត ទាំងដែលពេលខ្លះព័ត៌មានទាំងនោះមិនមានធាតុដើមពិតឡើយ ហើយគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

បន្ថែមពីបញ្ហាទាំងពីរខាងលើ ស្ថានភាពបរិបទសង្គម-វប្បធម៌ក៏ជាកត្តាចម្បងមួយ ពីក្រោយសោកនាដកម្មមួយនេះដែរ។ ជាក់ស្ដែង​ ប្រទេសកូរ៉េខាងត្បូងកំពុងតែប្រឈមមុខជាមួយនឹងវិបត្តិនៃអាត្រាអ្នកសម្លាប់ខ្លួនខ្ពស់ ដោយស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីឆ្នាំ២០២៣ មានមនុស្សរហូតដល់ទៅ ១៣ ៩៧៨នាក់ក្នុងមួយឆ្នាំ ឬស្មើនឹង ៣៨.៣នាក់ក្នុងមួយថ្ងៃបានធ្វើអត្តឃាត។ តួលេខមួយ​នេះមានការហក់ឡើងប្រមាណ ៨.៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២។

ជារឿងទូទៅនៅក្នុងសង្គមរបស់កូរ៉េខាងត្បូង តារាកូរ៉េក៏ជាដូចគ្នានឹងពលរដ្ឋទូទៅដែរ ពួកគេតែងទទួលរងសម្ពាធពីការរំពឹងទុកខ្ពស់លើភាពជោគជ័យ ពីសង្គម​ និងគ្រួសារ។ ផ្ទុយគ្នាវិញ នៅពេលបុគ្គលដែលជាក្ដីរំពឹងមិនទទួលបានភាពជោគជ័យតាមដែលចិត្តប៉ង ពួកគេនឹងក្លាយជាជនរងគ្រោះពីសម្ពាធ និងការរើសអើងពីសង្គម ដែលអាចឈានដល់ការវិវត្តទៅកាន់វិបត្តិសុខភាពផ្លូវចិត្ត។ អ្វីដែលធ្វើឱ្យបញ្ហាមួយនេះកាន់តែយ៉ាប់យ៉ឺនជាងនេះទៀតនោះ នៅក្នុងវប្បធម៌របស់កូរ៉េខាងត្បូង ការបាក់ទឹកចិត្តមិនមែនជាប្រធានបទដែលអាចលើកយកមកជជែកគ្នាបាន ដោយបើកចំហរនោះទេ។

លោក Lee Je-wook បានចែករំលែកតាមរយៈសារព័ត៌មាន​ ABC News ថា៖ “ការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្តនៅកូរ៉េ គឺមានអត្រាទើ​បបំផុតក្នុងពិភពលោក។ នៅទីនោះ ប្រជាជនមានទំនោរចាត់ទុកការទទួលជំនួយផ្នែកវេជ្ជសាស្រ្តជារឿងដ៏គួរឱ្យអាម៉ាស់ ហើយសម្រាប់តែមនុស្សឆ្កួតប៉ុណ្ណោះ”។

គ្រូពេទ្យផ្នែកវិកលចរិតនៅគ្លីនិក Bright Future Neuropsychiatric រូបនេះ បានរៀបរាប់បន្ថែមថា៖ “បើទោះបីជា ការយល់ដឹងពីការព្យាបាលមានការប្រសើរឡើងក្ដី តែវានៅតែជារឿងពិបាកសម្រាប់បុគ្គលល្បីៗក្នុងការស្វែងរកជំនួយពីជំងឺបាក់ទឹកចិត្ត”។

បរិបទនៃការមិននិយមជជែកពីបញ្ហាផ្លូវចិត្តនេះ បានធ្វើឱ្យអ្នកដែលជួបប្រទះនឹងបញ្ហាខាងលើមិនអាចទទួលបានការព្យាបាលត្រឹមត្រូវតាមការគួរ ជាឫសគល់ដែលធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់តារានានាកាន់តែមាននិន្នាការធ្លាក់ចុះ រហូតជ្រើសរើសយកការបញ្ចប់ជីវិត។

ឆ្លើយតបនឹងសោកនាដកម្មដែលបន្តកើតមាននៅក្នុងឧស្សាហកម្មកម្សាន្ដ កាលពីខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តវិសោធនកម្មច្បាប់Popular Culture and Arts Industry Development Act ឬជាខេមរៈភាសាថា ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសិល្បៈប្រជាប្រិយ ដើម្បីពង្រឹងការការពារលើតារាខេប៉ុប ដែលមិនទាន់គ្រប់អាយុនៅឡើយ។

ការអនុម័តលើច្បាប់ថ្មីគ្រានេះ ក៏ជាវិធានការមួយដែលកើតឡើង ក្រោយពីរឿងអយុត្តិធម៌របស់តារាប្រុស Lee Seung-gi បានបែកធ្លាយ ដោយរដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុននីមួយៗរាយការណ៍ប្រាក់ចំណូលទៅកាន់តារាក្រោមទ្រនំរបស់ខ្លួនយ៉ាងហោចណាស់ម្ដងក្នុង​​ ១ឆ្នាំ និងរាល់ពេលដែលសិល្បករស្នើសុំ។

បន្ថែមពីលើការដោះស្រាយផ្នែកហិរញ្ញវត្ថុ ច្បាប់ថ្មីនេះក៏បានចងក្រងឡើងដើម្បីកែសម្រួលលើច្បាប់ចាស់ ក្នុងការការពារពីការរំលោភម៉ោងបំពេញការងាររបស់តារាខេប៉ុប ដែលជាអនីតិជននៅឡើយ។ ជាលម្អិត សិល្បករដែលមានអាយុក្រោម ១២ឆ្នាំ អនុញ្ញាត្តឱ្យធ្វើការបានត្រឹមតែ ២៥ម៉ោងក្នុងមួយសប្ដាហ៍ ឬ៦ម៉ោងក្នុងមួយថ្ងៃ។ សម្រាប់សិល្បករដែលមានអាយុចន្លោះ ១២ ទៅ ១៥ឆ្នាំអាចធ្វើការបានរហូតដល់ ៣០ ម៉ោងក្នុងមួយសប្ដាហ៍ ឬ ៧ម៉ោងក្នុងមួយថ្ងៃ។ ឯសិល្បករដែលមានអាយុលើសពី ១៥ឆ្នាំ អាចធ្វើការបានត្រឹម ៣៥ ម៉ោងក្នុងមួយសប្ដាហ៍ ឬ ៧ម៉ោងក្នុងថ្ងៃប៉ុណ្ណោះ។

ជាផ្នែកដ៏សំខាន់មួយទៀតដែរ ច្បាប់ខាងលើនេះក៏បានសង្កត់ធ្ងន់ក្នុងការហាត់ឃាត់ទៅលើសកម្មភាពណាមួយដែលរំលោភលើសិទ្ធិរបស់តារាវ័យក្មេងក្នុងទទួលបានការអប់រំ ដូចជា ការអវត្តមានក្នុងសាលា ឬការបោះបង់ការសិក្សាជាដើម។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មិនអាចធ្វើទង្វើនានា ដែលនាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដូចជាការរំលោភបំពានលើរាងកាយ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ការរិះគន់ទៅលើរូបសម្រស់ ការបង្ខិតបង្ខំឱ្យបង្អត់អាហារ និងការកែសម្ផស្សជាដើម។

ដ្បិត វិសោធនកម្មច្បាប់Popular Culture and Arts Industry Development Act បានផ្ដោតសំខាន់តែចំពោះសិល្បករវ័យក្មេងក្ដី តែនេះជាក្ដីសង្ឈឹមថ្មីមួយក្នុងការឈានទៅកាន់ការបញ្ចប់សោកនាដកម្មនៃអត្តឃាតក្នុងវិស័យខេប៉ុបនាពេលអនាគត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *