តារាសម្ដែងកូរ៉េខាងត្បូង Jung Hae In អាចរកប្រាក់ចំណេញជាង 2.1 លានដុល្លារ ពីអាផាតមិនប្រភេទវីឡាដែលលោកបានទិញកាលពី ៦ ឆ្នាំមុន។

យោងតាម News1 បានឱ្យដឹងថា តួឯកប្រុសរឿង “Snowdrop” បានទិញអាផាតមិនបែបវីឡានៅតំបន់ Cheongdam-dong ក្នុងតម្លៃ 4.4 ពាន់លានវ៉ុន (ប្រហែល 3.3 លានដុល្លារអាមេរិក) កាលពីខែកញ្ញា ឆ្នាំ ២០១៨។ តម្លៃអចលនទ្រព្យបានកើនឡើងចាប់តាំងពីពេលដែលលោកទើបតែទិញថ្មីៗ រហូតមកដល់ពេលនេះលោកអាចទទួលបានប្រាក់ចំណេញយ៉ាងហោចណាស់ 2.8 ពាន់លានវ៉ុន (ប្រហែល 2.1 លានដុល្លារអាមេរិក) ។
អាផាតមិនរបស់តារាសម្ដែងរូបនេះមានឈ្មោះថា Hyosung Villa ជាប្រភេទវីឡាពីរជាន់ដែលជាន់ទី១ មានទំហំប្រមាណ 212 ម៉ែត្រការ៉េ និងជាន់ខាងលើមានទំហំប្រមាណ 27 ម៉ែត្រការ៉េ។

បើទោះបីជា Hyosung Villa មិនមែនទើបតែសាងសង់ ពោលគឺមានអាយុប្រមាណ ៤០ឆ្នាំហើយក៏ដោយ តែអាផាតមិនប្រភេទវីឡាមួយនេះនៅតែមានសក្ដានុពលក្នុងការវិនិយោគ។ ជាក់ស្ដែង វីឡាស្រដៀងគ្នាមួយដែលស្ថិតនៅក្នុងតំបន់នេះបានលក់ចេញក្នុងតម្លៃ 7 ពាន់លានវ៉ុន (ប្រមាណ 5.2 លានដុល្លារអាមេរិក) កាលពីឆ្នាំ ២០២២។
បើតាមការព្យាកររបស់លោក Kim Kyung Hyun តំណាងភ្នាក់ងារអចលនទ្រព្យនៃ Building Road អាផាតមិនទំហំប្រមាណ 231 ម៉ែត្រការ៉េ អាចនឹងផ្ដល់ប្រាក់ចំណេញលើសពី 2.1 លានដុល្លារអាមេរិកក្នុងរយៈពេល ៦ឆ្នាំ។
គួររំឭកផងដែរថា បច្ចុប្បន្នស្នាដៃសម្ដែងរបស់ Jung Hae In រឿង “Love Next Door” កំពុងតែចាក់ផ្សាយ ហើយតារាសម្ដែងរូបនេះក៏កំពុងតែត្រៀមខ្លួនសម្រាប់ការចាក់បញ្ចាំងភាពយន្ត “Veteran 2” ដែលនឹងចាប់ផ្ដើមមានវត្តមាននៅក្នុងរោងកុននៅថ្ងៃទី១៣ ខែកញ្ញានេះ ៕

























Account
Security
Favourite Content