Jin សមាជិកក្រុម BTS បរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន ឬប្រមាណ ៦៩៦០០ដុល្លារអាមេរិក ដើម្បីជួយដល់អ្នកដែលកើតជំងឺកម្រៗពីប្រទេសកំពុងអភិវឌ្ឍន៍ កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ។

ដំណឹងខាងលើបានប្រកាសជាសាធារណៈតាមរយៈ Korea University Medical Center ដោយថវិកាទាំងអស់នឹងផ្ដល់ជូនទៅកាន់ Global Goodwill Life Love Project។ គម្រោងខាងលើបានបង្កើតឡើងដោយ Medical Center ផ្ទាល់ ជាមួយនឹងគោលបំណងថែរក្សាជីវិតរបស់អ្នកជំងឺរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងជួបប្រទះនឹងផលពិបាកផ្នែកហិរញ្ញវត្ថុក្នុងការស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវ។
ជាក់ស្ដែង កាលពីឆ្នាំមុននេះ Korea University Medical Center បាននាំយកអ្នកដែលកើតមានជំងឺកម្រៗពិបាកព្យាបាលមិនតិចជាង ១០នាក់ ពីប្រទេសនានា តួយ៉ាងប្រទេស ម៉ាដាហ្គាស្ការ មកព្យាបាលនៅក្នុងប្រទេសកូរ៉េខាងត្បូង។

តារាប្រុសវ័យ ៣២ឆ្នាំបានរៀបរាប់ពីគោលបំណងនៃអំពើសប្បុរសលើកនេះ ក៏ដូចជាការប្ដេជ្ញាចិត្តបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាទង្វើតូចតាចនេះ នឹងអាចនាំមកនូវក្តីសង្ឃឹមដល់អ្នកដែលរងទុក្ខដោយមិនមានការថែទាំទៅតាមផ្នែកវេជ្ជសាស្រ្តបានត្រឹមត្រូវ នៅក្នុងតំបន់ដែលខ្វះខាត។ ខ្ញុំចង់បន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះជីវិតមនុស្សបន្ថែមទៀត រួមជាមួយអ្នកគាំទ្រទូទាំងពិភពលោករបស់ខ្ញុំ”។
ទន្តឹមគ្នានេះ Korea University Medical Center ក៏បានបង្ហាញការដឹងគុណ និងផលប្រយោជន៍ពីការបរិច្ចាគនេះថា៖ “ការរួមចំណែកដ៏សប្បុរសរបស់ Jin កំពុងគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្តអន្តរជាតិរបស់យើង។ សកម្មភាពដែលចេញពីចិត្តរបស់គាត់នឹងជួយបង្កើតសង្គមដ៏កក់ក្តៅ និងមានសុខភាពល្អជាងមុន”។
គួររំឭកផងដែរថា ក្រៅពីការងារជាអ្នកចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ពិភពលោកក្នុងវិស័យខេប៉ុប Jin តែងចូលរួមក្នុងសកម្មភាពសប្បុរសនានាជាញឹកញយ។ កន្លងមក ម្ចាស់បទ Running Wild រូបនេះក៏ធ្លាប់បានជួយដល់អ្នកជំងឺក្មេងៗ និងការការពារបរិស្ថានផងដែរ៕
























Account
Security
Favourite Content