Jimmy Lin ធ្លាប់ជាតារាសម្ដែងប្រុសមានឈ្មោះល្បីល្បាញម្នាក់នៅ តៃវ៉ាន់។ លោកក៏មានរហស្សនាមថាជា “ព្រះអង្គម្ចាស់របស់តៃវ៉ាន់” ដោយសារតែទេពកោសល្យសម្ដែង ច្រៀង និងមានសម្រស់ស្រស់ស្អាត។ តែលោកស្ទើរតែលែងចង់វិលត្រឡប់មកសម្ដែងរឿងវិញ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដ៏កាចសាហាវស្ទើរឆក់យកជីវិតរបស់លោកក្នុងឆ្នាំ ២០២២។


មែនទែនទៅ សុខភាពរបស់លោកហាក់មានការប្រសើរជាងមុនច្រើន ប៉ុន្ដែផ្ទៃមុខរបស់លោកគឺមានស្លាកស្នាមខ្លះ និងខុសពីទម្រង់ដើម មិនទាន់ត្រឡប់មកសភាពដើម ១០០ ភាគរយឡើយដោយសារមុខរបួស ដែលបន្សល់មកពីគ្រោះថ្នាក់ចរាចរណ៍។ បើតាមប្រភពជិតសិ្នទ្ធបានឲ្យដឹងថា លោកមានសភាពស្ងប់ស្ងាត់ជាងមុនបន្ទាប់ពីហេតុការណ៍អាក្រក់ដែលបានកើតឡើង។
ទន្ទឹមនេះដែរ តារាប្រុស Jimmy Lin ក៏បាននិយាយទាក់ទងចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះផងដែរ។ លោកបានលើកឡើងថា ប្រសិនបើមិនមានគ្រោះថ្នាក់ទេ រូបរាងរបស់លោកនឹងមិនងាយប្រែប្រួលឡើយ។ បច្ចុប្បន្ន អ្វីដែលប៉ះពាល់ដល់ជីវិតរបស់លោកគឺរាល់ពេលដែលលោកត្រូវឆ្លងកាត់កន្លែងត្រួតពិនិត្យ ដែលចាំបាច់ត្រូវផ្ទៀងផ្ទាត់មុខ លោកត្រូវបញ្ជាក់រាល់ពេលវេលា។




ជាមួយគ្នាដែរ តារាប្រុស Jimmy Lin គ្មានគម្រោងត្រឡប់ចូលសម្ដែងរឿងវិញឡើយ ដោយលោកទទួលតែពាក្យអញ្ជើញចូលរួមកម្មវិធីនាន ឬកម្មវិធីតន្ដ្រីប៉ុណ្ណោះ។ បញ្ហាស្នាមរបួសលើផ្ទៃមុខរបស់លោកត្រូវបានគេជឿថា ជាមូលហេតុធំមួយដែលធ្វើឲ្យលោកផ្អាកការសម្ដែង។ ផ្ទៃមុខរបស់លោកត្រូវបានគេលើកឡើងថា នៅហើម ខណៈស្បែកមុខរបស់លោកក៏មិនស្រស់ស្អាតដូចមុនដែរ។


គួររំឭកថា កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ តារាសម្ដែងប្រុសល្បី Jimmy Lin បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយកូនប្រុសក្នុងពេលបើកបរនៅតំបន់ Taoyuan ខណៈតារាប្រុសរូបនេះមានរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រីឯឡានរបស់លោកវិញត្រូវបានខ្ទេចខ្ទីយ៉ាងដំណំ ៕
























Account
Security
Favourite Content