នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ទស្សនាវដ្ដី V Magazine បានចេញផ្សាយអត្ថបទសម្ភាសន៍ជាមួយនឹង Jennie ខណៈតារាស្រីរូបនេះបានចែករំលែកពីផ្នត់គំនិត និងអារម្មណ៍ផ្ទាល់ខ្លួន នៅគ្រាឈានចូលវ័យ ៣០ឆ្នាំ។

ផ្ដើមដំបូង Jennie បានបង្ហាញថា ខ្លួននៅតែមានអារម្មណ៍ដូចកូនក្មេងដែលទើបតែឈានជើងចូលក្នុងពិភពលោក បើទោះបីជាពេលនេះនាងបានប្រឡូក និងទទួលបានសមិទ្ធផលច្រើនរួចមកហើយនៅក្នុងវិស័យចម្រៀង ដោយនាងនៅតែបន្ដសិក្សាពីសមត្ថភាពរបស់ខ្លួនឯង និងអនាគតដែលរង់ចាំនៅខាងមុខ។
ដ្បិតបានបញ្ចប់អាយុក្បាល ២ ចូលក្បាល ៣ក្ដី តែម្ចាស់អាល់ប៊ុម Ruby រូបនេះ បានបញ្ជាក់ថា នាងចង់ចាប់ផ្ដើមទំព័រថ្មីនេះជាមួយនឹងអារម្មណ៍រំភើបជាជាងភ័យខ្លាច។ នាងថា៖ “ខ្ញុំពិតជារំភើបមែនទែនចំពោះជំពូកថ្មីនេះ។ មិនមែនព្រោះតែខ្ញុំឈានចូលវ័យ ៣០ឆ្នាំទេ តែព្រោះតែខ្ញុំមានគម្រោងច្រើនមែនទែន។ ខ្ញុំនៅតែមានអារម្មណ៍ដូចខ្ញុំអាយុ ២០ឆ្នាំ ពេញដោយក្ដីស្រឡាញ់ និងគោលដៅ”។


Jennie បានរៀបរាប់ពីពេលវេលា ១០ឆ្នាំនៃវ័យខ្ទង់ ២០ឆ្នាំរបស់ខ្លួនថា ជារយៈពេលនៃការលះបង់ និងប្រឹងប្រែងធ្វើការខ្លាំង។ ក្នុងនាមជាសមាជិក BLACKPINK នាងជាផ្នែកមួយនៃក្រុមដែលអាចលក់អាល់ប៊ុមដល់ទៅ ២០លានបន្ទះនៅជុំវិញពិភពលោក និងបានបង្កើតប្រវត្តិសាស្រ្តជាក្រុមខេប៉ុបនារីដំបូងបង្អស់ដែលជាប់ឈ្មោះលើតារាងធំៗរបស់លោកខាងលិច។
លើសពីនេះ អាល់ប៊ុមទោលដំបូងរបស់នាងក៏ទទួលបានជោគជ័យដូចគ្នា ជាមួយនឹងចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើតារាងធំៗរបស់ ១៩ប្រទេសផ្សេងគ្នា។ ខណៈនាងនៅតែមានក្ដីស្រឡាញ់ និងអារម្មណ៍រីករាយដែលមានឱកាសអាចសិក្សាអ្វីថ្មីៗទាំងក្នុងការងារទោល និងការងារជាមួយ BLACKPINK។
មុននឹងបញ្ចប់ Jennie បាននិយាយថា៖ “បើសិនជាអ្នកសួរថា ខ្ញុំគ្រប់គ្រងភាពជោគជ័យរបៀបណា ខ្ញុំប្រាកដចិត្តថា ខ្ញុំមិនដឹងទេ។ តែខ្ញុំពិតជាមានមោទកភាពចំពោះគ្រប់យ៉ាងដែលខ្ញុំបានធ្វើកន្លងមក។ បើមើលត្រឡប់ទៅក្រោយវិញ ការដែលខ្ញុំហ៊ានស្រមៃឱ្យធំ និងបោះជំហានទៅមុខ គឺជាអ្វីដែលខ្ញុំបានធ្វើ”៕

























Account
Security
Favourite Content