Jennie សមាជិកក្រុម BLACKPINK កំពុងរងនូវមតិរិះគន់ចម្រូងចម្រាសតាមអ៊ីនធឺណិត ចាប់ផ្តើមពីការចោទប្រកាន់រឿងជក់បារីក្នុងបន្ទប់ រហូតដល់ការជជែកវែកញែកអំពីអត្តចរិតរបស់នាង ខណៈអ្នកគាំទ្រជាច្រើនសម្ដែងការខកចិត្តជាខ្លាំង។

កាលពីថ្ងៃទី ២ ខែកក្កដា Jennie បានចេញវគ្គថ្មីនៅលើ Youtube ផ្ទាល់ខ្លួនរបស់នាងមានចំណងជើងថា “A Moment in Capri with Jennie” ជាវីដេអូ vlog ដែលត្រូវបានថតអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Capri ប្រទេសអ៊ីតាលី ដោយរួមមានវីដេអូនៅពីក្រោយឆាករបស់ Jennie ហ៊ុំព័ទ្ធដោយបុគ្គលិកខណៈពេលកំពុងធ្វើសក់ និងការតុបតែងមុខផងដែរ។
ក្នុងឈុតមួយ Jennie ហាក់ដូចជាជក់បារីអេឡិចត្រូនិច។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ជាពិសេសដោយសារមានការលើកឡើងពីមុនមករបស់សមាជិកក្រុម BLACKPINK ដែលនិយាយថា “ការជក់បារី ការផឹកស្រា និងការចូលក្លឹបត្រូវបានហាមឃាត់ដោយ YG Entertainment” ។
កើតក្នុងឆ្នាំ ១៩៩៦ Jennie គឺជាមនុស្សពេញវ័យ និងត្រូវបានអនុញ្ញាតឱ្យជក់បារីដោយស្របច្បាប់ ក៏ប៉ុន្តែអ្នកលេងអ៊ិនធឺណិតបានប្រតិកម្មខ្លាំងឡើងដោយសារតែអាកប្បកិរិយារបស់នាងនៅក្នុងវីដេអូ។ លើសពីការជក់បារីក្នុងបន្ទប់ Jennie ត្រូវបានគេរិះគន់ខ្លាំងចំពោះការផ្លុំបង្ហុយផ្សែងនៅចំពោះមុខបុគ្គលិកជុំវិញខ្លួនដែលកំពុងធ្វើការតុបតែងខ្លួនឱ្យនាង។ ទង្វើនេះបាននាំឱ្យមានការចោទប្រកាន់តារាស្រីរូបនេះថាមានចរិតមិនល្អ និងមិនគោរពអ្នកដទៃ។
អ្នកលេងអ៊ីនធឺណិតម្នាក់ថែមទាំងបានបង្ហោះរូបថត Screenshot ដោយបញ្ជាក់ថា៖ “ខ្ញុំបានរាយការណ៍ពីការជក់បារីរបស់ Jennie ទៅស្ថានទូតអ៊ីតាលី។ ខ្ញុំជំរុញឱ្យស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅអ៊ីតាលី ស្នើសុំការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់វិធានការតឹងរ៉ឹងពីអាជ្ញាធរអ៊ីតាលី ទាក់ទងបញ្ហាជក់បារីរបស់ BLACKPINK Jennie”។
មតិផ្សេងៗទៀតមានដូចជា៖ “ការជក់បារីគឺជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែការបង្ហុយផ្សែងលើមុខបុគ្គលិកគឺហួសហេតុ” “មិនយល់ហេតុអ្វីនាងត្រូវជក់ក្នុងបន្ទប់បែបនេះ” “នេះគឺជាបញ្ហាសុជីវធម៌” “បុគ្គលិកគឺជាមនុស្ស មិនមែនរូបចម្លាក់ទេ” រួមទាំងមតិថា “អ្នកអាចមើលឃើញចរិតរបស់នាងតាមរយៈសកម្មភាពនេះ។ បើនាងខ្វល់ពីអ្នកដទៃ នាងមិនធ្វើបែបនេះទេ” ជាដើម។
ក្រោយផ្ទុះការរិះគន់បែបនេះ ក្រុមហ៊ុន ODD ATELIER ដែលជាភ្នាក់ងារគ្រប់គ្រងសកម្មភាពទោល និងជាក្រុមហ៊ុនរបស់ Jennie ផ្ទាល់បានចេញលិខិតសុំទោសផ្លូវការ ដោយបញ្ជាក់ថា៖ ពួកយើងសូមអភ័យទោសដោយស្មោះចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនសប្បាយចិត្តចំពោះសកម្មភាពរបស់ Jennie នៅក្នុងខ្លឹមសារវីដេអូដែលបានចេញផ្សាយនៅថ្ងៃទី ២។ ពេលនេះ Jennie កំពុងឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ដែលនាងបានបង្កឡើងដល់បុគ្គលិកផ្សេងទៀតដោយសារការជក់របស់នាង ហើយរូបនាងក៏បានទាក់ទងទៅបុគ្គលិកដែលស្ថិតនៅកន្លែងនោះ ដើម្បីសុំទោសដោយផ្ទាល់ផងដែរ”។
សេចក្ដីថ្លែងការណ៍បន្ថែមថា៖ “ពួកយើងសូមអភ័យទោសចំពោះអ្នកគាំទ្រដែលមានអារម្មណ៍ខកចិត្ត ហើយពួកយើងនឹងតបស្នងគ្រប់គ្នាវិញជាមួយនឹងភាពចាស់ទុំ និងរូបភាពកាន់តែល្អនាពេលអនាគត” ៕

























Account
Security
Favourite Content