កាលពីថ្ងៃទី ១៤ ខែធ្នូ អង្គការជំនួយសង្គ្រោះ និងអភិវឌ្ឍន៍អន្តរជាតិ World Share បានប្រកាសថាអ្នកគាំទ្រជនជាតិជប៉ុនរបស់ Onew សមាជិកក្រុម Shinee បានរួមគ្នាឧបត្ថម្ភអណ្តូងទឹកដល់សាលាបឋមសិក្សាមួយនៅប្រទេសកម្ពុជាដើម្បីរំឭកដល់ថ្ងៃខួបកំណើតរបស់តារាចម្រៀងរូបនេះ។


ការបរិច្ចាគនេះត្រូវបានធ្វើឡើងតាមរយៈគម្រោងមានឈ្មោះថា So Amazing ONEW’s BD Project JP ដែលជាការប្រមូលផ្តុំអ្នកគាំទ្រជនជាតិជប៉ុនរបស់ Onew ប្រហែល ១២០ នាក់ដោយចូលរួមដោយស្ម័គ្រចិត្តក្នុងការរៃអង្គាសប្រាក់រួមគ្នា។ នេះមិនមែនជាលើកទីមួយឡើយដែលអ្នកគាំទ្ររបស់លោកបានធ្វើសកម្មភាពសប្បុរសធម៌ដើម្បីអបអរថ្ងៃកំណើតលោក ពោលគឺពួកគេបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ តាមរយៈអង្គការ World Share បានឱ្យដឹងថាអណ្តូងដែលបានបរិច្ចាគនឹងត្រូវសាងសង់នៅសាលាបឋមសិក្សាមួយក្នុងប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែនេះផងដែរដើម្បីអាចផ្ដល់ឱ្យប្រជាជននូវទឹកស្អាតដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅជុំវិញនោះ។



ទន្ទឹមនឹងនេះដែរ ចាប់តាំងពីឈានជើងចូលវិស័យខេប៉ុបមក Onew និង ក្រុម SHINee ទាំងមូលបានខិតខំអស់ពីសមត្ថភាពដើម្បីបង្ហាញក្ដីស្រឡាញ់ទៅកាន់អ្នកគាំទ្រដោយមិនខ្លាចភាពនឿយហត់ដែលនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានមោទនភាព និងចង់បញ្ជូនស្រឡាញ់របស់ពួកគេទៅកាន់អ្នកដទៃដូចជាជួយសហគមន៍ដែលខ្វះខាត។ លើសពីនេះ អ្នកគាំទ្ររបស់ Onew ក៏សង្ឃឹមថាសេចក្តីស្រឡាញ់របស់ពួកគេក័នឹងក្លាយជាប្រភពនៃក្តីសង្ឃឹមសម្រាប់អ្នកដទៃផងដែរ។

គួរបញ្ជាក់ដែរថា World Share គឺជាអង្គការសប្បុរសធម៌ជំនួយសង្គ្រោះអន្តរជាតិដែលចូលរួមក្នុងសកម្មភាពផ្សេងៗដូចជាការជួយឧបត្ថម្ភដល់ក្រុមកុមារ គម្រោងកែលម្អធនធានទឹកស្អាត ជំនួយសង្គ្រោះបន្ទាន់ និងការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តទៅក្រៅប្រទេសជាង ៣០ប្រទេសទូទាំងពិភពលោក៕




























Account
Security
Favourite Content