Jang Won-young បានទិញវីឡាប្រណិតក្នុងទីតាំងមាស ស្ថិតនៅចន្លោះទន្លេ Han និងភ្នំ Namsan ដោយមានសេចក្ដីរាយការណ៍ថា តារាស្រីវ័យ ២១ ឆ្នាំរូបនេះបានទិញទ្រព្យអចលនទ្រព្យនេះដោយប្រាក់សុទ្ធចំនួន ១៣.៧ ពាន់លានវ៉ុន ឬប្រមាណ ៩.៣លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន The Chosun Daily សមាជិកក្រុម IVE រូបនេះ បានទិញវីឡាស្ថិតនៅក្នុងតំបន់ Hannam-dong សង្កាត់ Yongsan-gu ទីក្រុងសេអ៊ូល តាំងតែពីខែមីនា មកម៉្លេះ មុននឹងផ្ទេរកម្មសិទ្ធិរួចរាល់នៅថ្ងៃទី៣១ ខែតុលា កន្លងទៅ។
វីឡាដែលស្ថិតក្នុងគម្រោង Lucid Haus នេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញអំពីប្រព័ន្ធសុវត្ថិភាព និងឯកជនភាពកម្រិតខ្ពស់ជាមួយនឹងចំនួនវីឡាសរុបត្រឹមតែ ១៥ផ្ទះប៉ុណ្ណោះ ខណៈវីឡាទំហំ ២៤៤ ម៉ែត្រការ៉េនេះ ក៏ស្ថិតនៅក្នុងទីតាំងល្អ អាចមើលឃើញទាំងទេសភាពទន្លេ Han និងភ្នំ Namsan។

គួរឱ្យដឹងផងដែរថា Jang Won-young ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពដំបូងកាលពីឆ្នាំ ២០១៨ ក្នុងនាមជាសមាជិកក្រុម IZ*ONE មុននឹងផ្លាស់ប្ដូរមករួមជាមួយនឹងក្រុម IVE នៅក្នុងឆ្នាំ ២០២១។ បច្ចុប្បន្ននេះ នាងកំពុងតែស្ថិតនៅក្នុងភាពជោគជ័យលើវិថីខេប៉ុប ជាមួយនឹងការងារជាអ្នកផ្សព្វផ្សាយផលិតផលជាង ២០យីហោផ្សេងគ្នា រួមមានយីហោ New Balance, Dyson និង Medicube ជាដើម។
ក្នុងការងារជាក្រុមវិញ ពេលនេះ IVE ក៏កំពុងតែមានកម្មវិធីប្រគំតន្រ្តីទេសចរណ៍ជុំវិញពិភពលោកលើកទី២ គឺ SHOW WHAT I AM ដែលទើបតែបញ្ចប់កម្មវិធីក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២ ខែវិច្ឆិកានេះ ជាមួយនឹងគម្រោងបន្តកម្មវិធីទៅកាន់ទីក្រុងធំៗក្នុងទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងពេលខាងមុខទៀត៕
























Account
Security
Favourite Content