ឥទ្ធិពលមិនអាចប្រកែកបានរបស់ IU នៅលើឆាកតន្ត្រីពិភពលោកតត្រូវបានបង្ហាញសាជាថ្មី ខណៈតារាចម្រៀងនិងសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកូរ៉េសម្រាប់បញ្ជីសិល្បករលំដាប់លេខ ១ ទូទាំងពិភពលោករបស់ Billboard។
ថ្មីៗនេះ ទស្សនាវដ្ដីតន្ត្រីដ៏ល្បីរបស់អាមេរិក Billboard បានជ្រើសរើស IU ជាសិល្បករលេខ១ តំណាងប្រទេសកូរ៉េ ដោយបានរៀបរាប់សរសើរតារាចម្រៀងនិងសម្ដែងរូបនេះថា “IU គឺជាសិល្បករដែលគ្មានអ្នកជំនួសបាន”។ ប្រភពដដែលបន្ថែមថា ខណៈដែលមានមនុស្សជាច្រើនអាចមានពហុជំនាញ ទាំងជាតារាចម្រៀងអាយដល ជាតារាសម្ដែង និងជាពិធីករ ប៉ុន្តែ IU គឺជាមនុស្សតែម្នាក់គត់ដែលអាចជោគជ័យគ្រប់តួនាទីទាំងអស់នេះតំណាលគ្នា។

ក្នុងសេចក្ដីរាយការណ៍ដដែល Billboard ក៏បានគូសបញ្ជាក់ពីមូលដ្ឋានអ្នកគាំទ្រជាច្រើនជំនាន់របស់តារាស្រីរូបនេះ និងសមិទ្ធិផលរបស់នាងក្នុងវិស័យតន្ត្រី ជាពិសេសក្នុងឆ្នាំ២០២៤ នេះ បទ ‘Love Wins All’ បានឡើងដល់កំពូលតារាង Melon Top 100 ក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយ និងរក្សាបានចំណាត់ថ្នាក់លេខ ១ ប្រចាំសប្តាហ៍រយៈពេល ៤ សប្តាហ៍ជាប់ៗគ្នា រហូតទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងប្រចាំខែកុម្ភៈ។ លើសពីនេះ IU ក៏បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ធំបំផុតដោយសិល្បករទោលនារីកូរ៉េ ដោយទាក់ទាញអ្នកគាំទ្រចំនួន ៥ សែននាក់សម្រាប់ការសម្ដែងចំនួន ៣១ ឆាក នៅ ១២ ប្រទេសជុំវិញពិភពលោក។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ IU បានសម្ដែងការដឹងគុណដោយនិយាយថាការទទួលស្គាល់នេះគឺពិតជាអ្វីដែលនឹកស្មានមិនដល់ និងជាកិត្តិយសខ្លាំងសម្រាប់នាង។
គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ IU នឹងចូលសម្ដែងក្នុងរឿងភាគរបស់ Netflix មានចំណងជើងថា ‘When life give you tangerines’ និងរឿងភាគរបស់ប៉ុស្តិ៍ MBC មានចំណងជើងថា “21st Century Grand Prince’s Wife” (ចំណងជើងបណ្ដោះអាសន្ន)៕


























Account
Security
Favourite Content