តារាចម្រៀងកូរ៉េខាងត្បូង IU បានផ្ដល់ជំនួយជាទឹកប្រាក់រហូតដល់ទៅ ៥០០លានវ៉ុន ឬស្មើនឹង ៣៤០០០០ ដុល្លារអាមេរិកទៅកាន់គម្រោងចំនួន ៨ផ្សេងគ្នា ដោយប្រើប្រាស់ឈ្មោះសប្បុរសជនថា IUaena ជំនួសដោយឈ្មោះខ្លួនឯង។

នៅថ្ងៃបុណ្យណូអែលឆ្នាំ ២០២៤នេះ EDAM Entertainment ដែលជាទ្រនំរបស់តារាស្រីវ័យ ៣១ឆ្នាំកំពុងតែជ្រកកោន បានប្រកាសជាសាធារណៈពីទឹកចិត្តរបស់សិល្បករខ្លួន ក្រោយនាងបានធ្វើការបរិច្ចាគទឹកប្រាក់ជាថ្មីម្ដងទៀត ដើម្បីជួយសម្រាលបន្ទុករបស់អ្នកដែលកំពុងតែជួបបញ្ហានៅក្នុងគ្រាចុងឆ្នាំនេះ។
ទឹកប្រាក់សប្បុរសចំនួន ៣៤០០០០ដុល្លារខាងលើនេះ នឹងបែងចែកទៅកាន់គម្រោងចំនួន ៨ រួមបញ្ចូលទាំងគម្រោងក្នុង និងក្រៅស្រុក។ ជាក់ស្ដែង សម្រាប់បញ្ហានៅក្នុងប្រទេសកំណើត IU បានសម្រេចជួយដល់គម្រោងចំនួន ៥រួមមាន មណ្ឌលវេជ្ជសាស្ត្រ Seoul Asan សម្រាប់អ្នកជំងឺដែលមានវ័យចំណាស់ អ្នកជំងឺសសៃឈាមបេះដូង និងខួរក្បាល និងអ្នកជំងឺមហារីកដែលជាស្ត្រី, Seoul Child Welfare Association សម្រាប់កម្មវិធីបណ្ដុះបណ្ដាលដល់យុវវ័យ, Together Smiling World សម្រាប់ការកែលម្អលំនៅដ្ឋានរបស់សហគមន៍ក្រីក្រ, Warm Accompaniment សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជាដជំនួយដល់ជនដែលមានពិការភាព និង Open Welfare សម្រាប់ជនដែលគ្មានទីស្នាក់អាស្រ័យ។

ទន្ទឹមគ្នានេះ តារាពហុជំនាញក៏បានគិតគូរដល់គម្រោងដែលនៅក្រៅសុក្រចំនួន ៣ ទៀតផងដែរ រួមមាន គម្រោងទឹកស្អាត និងការថែទាំកុមាររបស់អង្គការ Plan Korea, គម្រោងគាំពារដល់សកម្មភាពវប្បធម៌ និងសិល្បៈរបស់ Walking Together និងឧបត្ថម្ភជាទឹកប្រាក់ដល់ Snail of Love ដើម្បីទិញឧបករណ៍ជំនួយការស្ដាប់សម្រាប់កុមារដែលមានបញ្ហានេះ។
គួរបញ្ជាក់ផងដែរថា ការបរិច្ចាគជាទម្លាប់មួយទៅហើយដែល IU តែងធ្វើរាល់ពេលដែលមានឱកាសពិសេសៗអ្វីមួយ។ កន្លងមក ម្ចាស់បទ Love wins all ក៏បានធ្វើសកម្មភាពដដែលនេះជាញឹកញយ ដោយប្រើប្រាស់ឈ្មោះ IUaena ជាពាក្យដែលបូកបញ្ចូលគ្នារវាងឈ្មោះនាង និងឈ្មោះរបស់ក្រុមអ្នកគាំទ្រ Uaena៕
























Account
Security
Favourite Content