តារាសម្ដែងស្រីកើតក្នុងឆ្នាំ ១៩៧៧ Kim Hee Sun ត្រូវបានអ្នកគាំទ្រ និងអ្នកទស្សនាស្គាល់តាមរយៈការសម្ដែងរឿងភាគល្បីៗជាច្រើនដូចជា Alice, Tomorrow និង Remarriage and Desires ជាដើម។ មិនត្រឹមតែមានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្ដប៉ុណ្ណោះ ជារឿយៗតារាស្រីរូបនេះក៏ត្រូវបានគេសរសើរថាជា “រាជិនីសម្រស់ប្រចាំកូរ៉េខាងត្បូង” ម្នាក់ពីសំណាក់សាធារណជន និងអ្នកសារព័ត៌មានជាច្រើនផងដែរ។ ដូច្នេះចង់ដឹងថាតើអាថ៌កំបាំងរបស់តារាស្រីរូបនេះមានអ្វីខ្លះទើបអាចរក្សាសម្រស់បានស្អាតយ៉ាងនេះ មកតាមដានជាមួយ AMS ទាំងអស់គ្នា៖
១. ផឹកទឹកឃ្មុំមុនពេលញ៉ាំអាហារ
ជាប្រចាំនាងតែងតែបន្ថែមទឹកឃ្មុំចូលទៅក្នុងភេសជ្ជៈដើម្បីបង្កើតភាពផ្អែមជំនួសឱ្យការប្រើស្ករធម្មតា។ ជាក់ស្ដែងមុនពេលញ៉ាំអាហារពេលព្រឹក នាងបានផឹកទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហៗជារៀងរាល់ព្រឹក។ តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះបានឱ្យដឹងថា ចាប់តាំងពីអនុវត្តវិធីមួយនេះ នាងសង្កេតឃើញថាស្បែករបស់នាងហាកដូចជាភ្លឺថ្លាជាងមុន។ យោងតាមការស្រាវជ្រាវ ទឹកឃ្មុំមានតួនាទីជួយកាត់បន្ថយស្នាមអុជខ្មៅ ការពារស្បែកពីការរលាក សម្អាតរន្ធញើស និងជួយព្យាបាលមុនផងដែរ។ លើសពីនេះ វាក៏មានសមត្ថភាពជួយជំរុញការផលិតខូឡាជែន រក្សាភាពយឺត បង្កើនភាពស៊ាំ និងពន្យារភាពចាស់ទៀតផង។
២. បិតផ្លែគីវី
គីវីគឺជាផ្លែឈើមានផ្ទុកនូវវីតាមីន C ច្រើនដែលមិនត្រឹមតែជួយឱ្យស្បែកសភ្លឺថ្លាប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្មទៀតផង។ ដូច្នេះហើយនាងបានយកផ្លែគីវីដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ជាមុនសិន សឹមយកមកបិតលើផ្ទៃមុខ រងចាំឱ្យឈប់ត្រជាក់ទើបលាងទឹកចេញ។ ការអនុវត្តវិធីមួយនេះជួយឱ្យស្បែករបស់នាងតែងតែមានសំណើម និងស្ដាររបាំងការពារស្បែកយ៉ាងល្អ។
៣. ប្រើ cleasing oil ដើម្បីសម្អាតគ្រឿងសម្អាង
ការលុបលាងគ្រឿងសម្អាងចេញពីស្បែកក៏មានសារៈសំខាន់ខ្លាំងដូចគ្នា។ ជាធម្មតាតារាស្រី Kim Hee Sun ចូលចិត្តប្រើប្រាស់ប្រេងលាងសម្អាតមុខដែលមានគ្រឿងផ្សំធម្មជាតិដែលវាមិនត្រឹមតែជួយសម្អាតស្បែកមុខបានជ្រៅប៉ុណ្ណោះទេ ថែមទាំងមិនធ្វើឱ្យស្ងួត និងធ្វើស្បែកមុខទន់រលោងទៀតផង។
៤. កំណត់ការតុបតែងមុខ
ជាធម្មតានៅពេលដែលមិនចាំបាច់ ឬមានកាលវិភាគតារាស្រី Kim Hee Sun តែងតែអនុញ្ញាតឱ្យស្បែករបស់សម្រាកដោយមិនប៉ះពាល់ជាមួយគ្រឿងសម្អាងណាមួយដែលធ្វើឱ្យស្បែកមានសម្ពាធនោះទេ។ លើសពីនេះ នាងតែងតែរំឭកខ្លួនឯងឱ្យផឹកទឹកឱ្យបានច្រើន ញ៉ាំបន្លែបៃតង និងផ្លែឈើស្រស់ៗបន្ថែមទៀតដើម្បីជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុង៕