តារាចម្រៀង និងសម្តែងកូរ៉េ IU បានបដិសេធចំពោះព័ត៌មានចុះផ្សាយថានាងទទួលបាន តម្លៃខ្លួន ៥០០ លានវ៉ុន (ប្រហែល ៣៤៥ ០០០ ដុល្លារ) ក្នុងមួយភាគសម្រាប់ការសម្ដែងនៅក្នុងរឿងភាគ ‘When Life Gives You Tangerines’ របស់ Netflix ។

នៅថ្ងៃទី ១៨ ខែមីនា នេះអ្នកនាំពាក្យរបស់ផលិតកម្ម Pan Entertainment ដែលជាក្រុមហ៊ុនផលិតរឿង បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនថា “ព័ត៌មានដែលចុះផ្សាយថា IU ទទួលបាន ៥០០ លានវ៉ុនក្នុងមួយភាគគឺខុសពីការពិតទាំងស្រុង” ។
គួរបញ្ជាក់ថា មានមតិចម្រូងចម្រាសជាច្រើនបានចាប់ផ្តើម បន្ទាប់ពីជនអនាមិកម្នាក់នៅលើសហគមន៍អនឡាញបានចោទប្រកាន់ថា IU និង Park Bo Gum ទទូលបាន ៥០០ លានវ៉ុនក្នុងមួយភាគសម្រាប់ការសម្ដែងរបស់ពួកគេនៅក្នុងរឿង ‘When Life Gives You Tangerines’ ។ ការបង្ហោះដដែលក៏បានអះអាងផងដែរថា តារាសម្ដែង Park Hyung Sik ដែលបច្ចុប្បន្នកំពុងសម្តែងក្នុងរឿង ‘Treasure Island’ របស់ប៉ុស្តិ៍ SBS ទទួលបាន ៥០០ លានវ៉ុនក្នុងមួយភាគសម្រាប់ការសម្ដែងរឿង ‘Doctor Slump’ របស់ប៉ុស្តិ៍ JTBC និងចុះផ្សាយទៀតថាតារាសម្ដែង Lee Jung Jae ទទួលបានរហូតដល់ ១ ពាន់លានវ៉ុនក្នុងមួយភាគសម្រាប់ការសម្ដែងរឿង ‘Squid Game 2’ របស់ Netflix ។
សម្តែងដោយ IU និង Park Bo Gum រឿងភាគ ‘When Life Gives You Tangerines’ មានសាច់រឿងនិយាយពីជីវិតតស៊ូឆ្លងកាត់ ៤ រដូវកាលរបស់ Ae Soon និង Gwan Shik ដែលជាប្ដីប្រពន្ធកម្សត់កម្រមួយគូលើកោះ Jeju ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ ចាប់ផ្ដើមបញ្ចាំងភាគដំបូងកាលពីថ្ងៃទី៧ ខែមីនា ភាពយន្តភាគមួយនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ៕
























Account
Security
Favourite Content