ការប្រគំតន្ដ្រីទេសចរណ៍របស់តារាស្រីល្បីអាមេរិក Taylor Swift គឺ The Eras Tour បានក្លាយជាការប្រគំតន្ដ្រីដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតមួយ ដោយមិនត្រឹមតែអនុញ្ញាតឲ្យអ្នកគាំទ្រសម្រេចក្ដីស្រមៃបានជួបនិមិត្ដរូបរបស់ខ្លួនឡើយ តែវាក៏ធ្វើឲ្យប្រទេសដែលជាម្ចាស់ផ្ទះទទួលបានផលចំណេញយ៉ាងច្រើនក្រាស់ក្រែល រួមមានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមចូលក្នុងស្រុក។ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ី មានតែប្រទេស ២ ប៉ុណ្ណោះដែលទទួលបានសិទ្ធរៀបចំការប្រគំតន្ដ្រី The Eras Tour គឺប្រទេស ជប៉ុន និង សឹង្ហបុរី។

ជាមួយគ្នាដែល ប្រទេសដែលមានទីផ្សារធំចំនួន ២ ផ្នែកតន្ដ្រី និងសិល្បៈ រួមមានប្រទេសកូរ៉េខាងត្បូង និងថៃ សុទ្ធសឹងតែត្រូវបានតារាស្រី Taylor Swift ច្រានចោលមិនរាប់បញ្ចូលក្នុងទីកន្លែងដែលនាងនឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍។ លោក Chung TaeYoung នាយកប្រតិបត្ដិរបស់ Hyundai Card Express ជាអ្នករៀបចំ និងបង្កើតកម្មវិធីការប្រគំតន្ដ្រីធំៗ ក្នុងស្រុក បានបង្ហាញពីការសោកស្ដាយដែល Taylor Swift មិនអាចមកប្រទេស កូរ៉េខាងត្បូងដើម្បីធ្វើការប្រគំតន្ដ្រីទេសចរណ៍។ ប្រទេសកូរ៉េខាងត្បូងមិនបានក្លាយជាទីកន្លែងចាប់អារម្មណ៍ក្នុងការប្រគំតន្ដ្រី The Eras Tour ឡើយ ដោយសារតែខ្វះខាតទីកន្លែងសម្រាប់ធ្វើការប្រគំតន្ដ្រី ពួកយើងមិនមានជម្រើសច្រើនសម្រាប់ឲ្យគេជ្រើសរើស។

លោកបានបន្ដថា៖ ការប្រគំតន្ដ្រី The Eras Tour ទាមទារនូវទីកន្លែងធំទូលាយដែលអាចផ្ទុកមនុស្សបានច្រើន និងអាចរៀបចំឆាកបានច្រើនបែបបទផងដែរ។ ឆាកត្រូវបានរៀបចំខុសៗគ្នា ទៅតាមបទចម្រៀងដែលត្រូវច្រៀង។ ការរៀបចំឆាកក៏ត្រូវមានការ ការច្នៃប្រតិដ្ឋខ្លាំង និងមើលទៅទាក់ទាញ។
ជាមួយគ្នាដែរ ក្រៅពីខ្វះទីតាំងរៀបចំ មូលហេតុមួយផ្សេងទៀតគឺ Taylor Swift ធ្លាប់បានមកប្រគំតន្ដ្រីនៅឯប្រទេសកូរ៉េខាងត្បូងម្ដងរួចមកហើយ ក្នុងឆ្នាំ ២០១១។ កាលនោះប្រជាជនកូរ៉េហាក់មិនសូវចាប់អារម្មណ៍ និងស្រឡាញ់ចូលចិត្ដតារាស្រីរូបនេះ និងធ្វើឲ្យសំបុត្រលក់បានតែជាង ៤០០០ ស្របពេលដែលសំបុត្រដាក់លក់សរុបមានជាង ១៥០០០។ ប្រវត្ដិប្រគំតន្ដ្រីដែលមិនជោគជ័យដូចការរំពឹងទុក ក៏ជារឿងមួយដែលធ្វើឲ្យ Taylor Swift មើលរំលងទីផ្សារប្រទេសកូរ៉េខាងត្បូងផងដែរ។


យោងតាមប្រភពព័ត៌មាន Bangkok Post បានឲ្យដឹងថា នាយករដ្ឋមន្ដ្រីថៃ Srettha Thavisin ក៏បានលើកឡើងពីមូលហេតុដែល ប្រទេសថៃមិនបានជ្រើសរើសចូលក្នុងបញ្ជីដើម្បីរៀបចំកម្មវិធីប្រគំតន្ដ្រីទេសចរណ៍របស់តារាស្រីល្បី Taylor Swift។ ចំពោះមូលហេតុគឺខាងប្រទេស សិង្ហបុរី ហ៊ានចាយប្រាក់និងផ្ដល់ប្រាក់ចន្លោះពី ២ ទៅ ៣ លានដុល្លារក្នុងការប្រគំតន្ដ្រីម្ដងៗ ជាមួយលក្ខខណ្ឌ សិង្ហបុរី នឹងជាប្រទេសតែមួយគត់ក្នុងតំបន់ អាស៊ាន ដែលទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះសម្រាប់ The Eras Tour។ ការប្រគំតន្ដ្រីនៅប្រទេស សិង្ហបុរី មានរយៈពេលដល់ទៅ ៦ ថ្ងៃ ចាប់ពីថ្ងៃទី ២ ទី៣ ទី៤ និង ទី៧ ទី៨ ទី៩ ក្នុងខែ មីនា ឆ្នាំ ២០២៤ ខាងមុខ។ លោកបានបន្ថែមទៀតថា សម្រាប់លោកប្រាក់ប្រមាណជាង ១៣ លានដុល្លារគឺវាមានចំនួនតិចតួចប្រសិនបើអាចអញ្ជើញ Taylor Swift មកកាន់ប្រទេស ថៃ បាន និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក លោកពិតជាមានការសោកស្ដាយដែលមិនអាចអញ្ជើញ Taylor Swift មកធ្វើការប្រគំតន្ដ្រីទេសចរណ៍បាន។


គួរបញ្ជាក់ថា Taylor Swift ជាតារាចម្រៀងស្រីល្បីល្បាញ និងមានឥទ្ធិពលម្នាក់ក្នុងប្រវត្ដិសាស្ដ្រ។ យោងតាម Pollstar ការប្រគំតន្ដ្រី The Eras Tour ក្នុងឆ្នាំ ២០២៣ អាចរកបានប្រាក់ពីការលក់សំបុត្រប្រមាណ ១,០៤ ពាន់លានដុល្លារអាមេរិក និងក្លាយជាការប្រគំតន្ដ្រីទេសចរណ៍រកបានចំណូលច្រើនបំផុតក្នុងប្រវត្ដិសាស្ដ្រ៕
























Account
Security
Favourite Content