កាលពីខែ កក្កដា ឆ្នាំ ២០២៣ តារាចម្រៀងស្រី Hwasa សមាជិកក្រុមចម្រៀង MAMAMOO ត្រូវបានសមាគមឪពុកម្តាយដាក់ពាក្យបណ្តឹងទៅកាន់ស្ថានីយប៉ូលីស Seongdong ទីក្រុងសេអ៊ូល ទាក់ទិនការសម្ដែងមិនសមរម្យ លេចលើ លេចក្រោមរបស់រូបនាងនៅឯសាកលវិទ្យាល័យ Sungkyunkwan ក្នុង ខែឧសភា កន្លងទៅ។ ពួកគេលើកឡើងថា ការសម្ដែងនេះហួសហេតុពេក មានភាពស្រើបស្រាល និងមិនគួរសម្ដែងដូច្នេះនៅចំពោះមុខសិស្សសាលា ព្រោះអាចបណ្ដាលឱ្យមានផលប៉ះពាល់ផ្សេងៗ ទៀតផង។

ជាលទ្ធផល សមាជិកវ័យក្មេងជាងគេក្នុងក្រុម MAMAMOO រូបនេះត្រូវបានកោះហៅទៅសាកសួរ។ បើតាមសម្ដីរបស់ប៉ូលីសបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នពួកគេកំពុងស៊ើប និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ព្រមទាំងប្រមូលព័ត៌មានទាំងឡាយជុំវិញរឿងហេតុទាំងនេះ។ ពួកគេនឹងពិចារណាថា ការសម្ដែងរបស់ Hwasa សមនឹងទទួលការផ្ដន្ទាទោស ឬយ៉ាងណា។

នៅក្នុងប្រទេសកូរ៉េខាងត្បូង ការសម្ដែងនៅមុខមហាជនដែលមើលទៅមានភាពស្រើបស្រាលហួសហេតុពេក អាចចាត់ទុកថាជាអំពើមិនសមរម្យ និងខុសច្បាប់។ យោងតាមប្រភពព័ត៌មាន Wikitree ប្រសិនបើការស៊ើបអង្កេត និងវិភាគទៅឃើញថា ការសម្ដែងនេះមានការប៉ះពាល់ដល់មហាជន អ្នកប្រព្រឹត្ដនឹងអាចជាប់ពន្ធនាគារពី ១ ឆ្នាំ និងត្រូវពិន័យប្រាក់ប្រមាណជាង ៣ ពាន់ដុល្លារអាមេរិក។

ចំពោះរឿងនេះវិញ Hwasa ក៏បានទម្លាយពីអារម្មណ៍ក្នុងចិត្តរបស់នាងថា វាពិតជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នាង។ មតិអាក្រក់ជាច្រើនបានបញ្ចេញមកកាន់នាង ហើយវាជាលើកដំបូងដែលនាងគិតច្រើនពីសម្ដីរបស់អ្នកដទៃ វាជាពេលវេលាមួយដែលធ្វើឱ្យនាងសម្រក់ទឹកភ្នែកយ៉ាងខ្លាំងផងដែរ ៕























Account
Security
Favourite Content