តារាសម្តែង ទេព កញ្ញា កំពុងជួបទុក្ខធំ បាត់បង់ស្វាមីជាទីស្រលាញ់ទាំងមិនបានលាគ្នាសូម្បីតែមួយម៉ាត់ ដោយស្វាមីនាងទទួលមរណភាពនៅសហរដ្ឋអាមេរិក តែគេមិនទាន់ដឹង ដោយសារមូលហេតុអ្វីឱ្យប្រាកដនោះឡើយ។
កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្តែងដែលកំពុងស្ពាយឈ្មោះស្ត្រីមេម៉ាយរូបនេះបានបង្ហោះដំណឹងមរណភាពរបស់ស្វាមីនៅឯនាយសមុទ្រយ៉ាងក្រៀមក្រំ ធ្វើឱ្យមហាជន និងមិត្តរួមអាជីពភ្ញាក់ផ្អើលជាខ្លាំង។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសួរនាំពីមូលហេតុនៃការស្លាប់របស់ស្វាមីនាង និងមួយចំនួនទៀតបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

អ្នកម្តាយកូនមួយនេះ ទទួលយកមិនបានទេក្រោយបាត់បង់ស្វាមីជាទីស្រលាញ់ភ្លាមៗបែបនេះ។ នាងបានបង្ហោះសារដ៏ក្រៀមក្រំលើគណនីផ្លូវការថា «បងអើយបងហេតុអីទៅចោលអូននិងកូនមិនប្រាប់មួយមាត់បែបនេះ ??? បងជាប្តីល្អ ជាប៉ាល្អណាស់ អូនពិតជាទទួលយកមិនបានទេ យើងនៅមានរឿងជាច្រើនត្រូវធ្វើជាមួយគ្នាបង នៅតែប៉ុន្មានខែទៀតកូនយើងបានមួយខួបហើយបង យើងជិតបានទៅរស់នៅជុំគ្នាហើយ បងស្រលាញ់ប្រពន្ធ កូនណាស់ ហេតុអីក៏បងទុកអូននិងកូនចោលបែបនេះបង ?? អូននិងកូនសូមចងចាំទង្វើរល្អរបស់បងទុកក្នុងចិត្តជារាងរហូត សូមអោយបងបានទៅដល់ឋានសួគ៌ស្ងប់សុខផង បើមានជាតិក្រោយពិតយើងជួបគ្នាទៀតណាបងណា»។

រឹតតែក្រៀមក្រំខ្លាំងជាងនេះទៀត ទេព កញ្ញា បានបង្ហើយរកស្វាមីដែលធ្លាប់តែខលមកប្រពន្ធកូនជាប្រចាំ ប៉ុន្តែពេលនេះស្រាប់តែលែងបានឃើញគ្នាជារៀងរហូតទៅ។ ក្រោយឃើញការបង្ហោះនេះ មិត្តសិល្បករ-សិល្បការិនី និងអ្នកគាំទ្រជាច្រើន បាននាំគ្នាលើកទឹកចិត្តនាងឱ្យរឹងមាំឡើង ដើម្បីជាបង្គោលឱ្យកូនតូចរបស់នាង។

ទោះស្វាមីរបស់នាងទទួលមរណភាពនៅសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែតារាសម្តែង កញ្ញា និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យសពឱ្យស្វាមីតាមបែបព្រះពុទ្ធសាសនា ដោយនាងបាននិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលដល់ស្វាមីដែលចែកឋានទៅទាំងក្តីអាលោះអាល័យបំផុត។






គួររំលឹកដែលថា តារាសម្តែង ទេព កញ្ញា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយអាណិកជនខ្មែររស់នៅអាមេរិក លោក Alex Kem ជាមន្ត្រីមួយរូបនៅអាមេរិក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ក្រោយស្វែងយល់ចិត្តគ្នាអស់ប្រមាណជា ២ ឆ្នាំ។ ពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះ រៀបចំមិនធំដុំឡើយ ពោលគឺគេឃើញមានតែវត្តមានចាស់ទុំ សាច់ញាតិទាំងសងខាង និងមិត្តក្នុងសិល្បៈតិចតួចតែប៉ុណ្ណោះ។ ចំណងស្នេហារបស់អ្នកទាំងពីរ បន្សល់ទុកដំណក់ឈាមកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះថា Alrisaa Kem។
កន្លងមក តារាស្រីរូបនេះធ្លាប់ប្រាប់ឱ្យដឹងថា ក្រោយភ្ជាប់ពាក្យ នាងនិងគូដណ្តឹងបានរៀបចំឯកសារនានា ដើម្បីចេញទៅរស់នៅអាមេរិកតែម្តង តែអកុសលមិនទាន់បានចេញទៅរួមរស់ជាមួយគ្នានៅសហរដ្ឋអាមេរិកផង ស្វាមីនាងស្រាប់តែទទួលមរណភាពជាមុន៕






























Account
Security
Favourite Content