តារាសម្ដែងស្រី និងជាធីតាឯកសង្ក្រាន្តរដូវកាលទី៣ ហេងរិន សុម៉ាលីតា បានក្លាយជាអ្នកបម្រើការងារឲ្យក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីលើពិភពលោក។ ដំណឹងរីករាយនេះ ត្រូវបានធីតាឯកសង្ក្រាន្តឆ្នាំ ២០២២ បានបង្ហោះលើបណ្ដាញសង្គមនាងកាលពីថ្ងៃ ២ ខែសីហាកន្លងទៅ។


ថ្មីៗនេះ ហេងរិន សុម៉ាលីតា បានក្លាយជានារីអាកាសចរណ៍នៃក្រុមហ៊ុន Emirates។ តួឯកស្រីក្នុងរឿង «បញ្ញើស្នេហ៍ បញ្ញើបេះដូង» បានក្លាយជាបុគ្គលិកពេញសិទ្ធិ ក្រោយបានចូលវគ្គសិក្សានៅក្រុមហ៊ុនផ្ទាល់ ដោយឆ្លងកាត់ការបណ្ដុះបណ្ដាលច្រើន ហើយមានការលំបាកខ្លាំង។ នេះអាចចាត់ទុកថា ជារឿងកម្រ ព្រោះមិនសូវមានជនជាតិខ្មែរដែលអាចធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទី ៤ លើពិភពលោកនាឆ្នាំ ២០២៥នេះ (ចំណាត់ថ្នាក់ឆ្នាំ 2025 ក្រុមហ៊ុន Emirates ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទី 4 នៅលើពិភពលោក)។ ក្រោយបានចូលធ្វើការ នាងក៏បានជួបនារីខ្មែរម្នាក់បម្រើការងារនៅក្រុមហ៊ុន Emirates ដូចគ្នា។
តារាខ្មែរដែលមានគុណភាព រូបនេះមិនត្រឹមមានសម្រស់ស្រស់ស្អាត កម្ពស់ខ្ពស់ស្រឡះប៉ុណ្ណោះឡើយ នាងជានារីមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងកិរិយាមារយាទល្អប្រពៃ ទើបអាចក្លាយជានារីអាកាសចរណ៍ក្រុមហ៊ុនដ៏ល្បីមួយនោះបាន។ នៅពេលបង្ហាញខ្លួនក្នុងឯកសណ្ឋាននារីអាកាសចរណ៍ Emirates ជាមួយក្រុមការងារចម្រុះជាតិសាសន៍ដទៃ លីតា មើលទៅអស្ចារ្យ ស័ក្តិសមនឹងរូបរាងនាងតែម្ដង។



ក្រោយ ម៉ាលីតា ជោគជ័យក្នុងការទទួលបានការងារនៅ ក្រុមហ៊ុន Emirates នាងក៏បានចែករំលែកអារម្មណ៍រីករាយ និងទទួលបានការជូនពរពីសំណាក់មិត្តភ័ក្ដិសិល្បៈជាច្រើន។ នាងបានបរិយាយអារម្មណ៍ថា «នារីខ្មែររបស់អ្នកបានធ្វើវាបានហើយ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ បង្កើនទំនុកចិត្តការហោះហើរថ្មីជាមួយខ្ញុំ នៅក្រុមហ៊ុនអាកាសចរណ៍កំពូលមួយរបស់ពិភពលោក Emirates»។
គួរបញ្ជាក់ផងដែរថា ហេងរិន សុម៉ាលីតា ធ្លាប់បម្រើការងារជានារីអាកាសចរណ៍នៅក្រុមហ៊ុន Air Asia, Lanmei Airlines ហើយចុងក្រោយនេះគឺនាងបានក្លាយជាបុគ្គលិករបស់ Emirates៕





រូបភាព៖ Malyta Heng

























Account
Security
Favourite Content