តារាសម្ដែងកូរ៉េ Han So Hee បានបញ្ចប់ដំណើរជំនួបអ្នកគាំទ្រទូទាំងពិភពលោករបស់នាង ប៉ុន្តែរូបថតពីព្រឹត្តិការណ៍ចុងក្រោយបានបង្ហាញថានៅសល់កៅអីទំនេរជាច្រើន។

តារាសម្តែងស្រីរូបនេះបានជួបជុំអ្នកគាំទ្រកូរ៉េនៅឯសាលធំនៃសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូលនៅថ្ងៃទី ២៦ ខែតុលា ជាកិច្ចបញ្ចប់ជាផ្លូវការនៃដំណើរ Fan meeting រយៈពេលបួនខែរបស់នាង។ កម្មវិធីជំនួបអ្នកគាំទ្រនេះបានចាប់ផ្តើមនៅទីក្រុងបាងកកក្នុងខែកក្កដា និងបានបន្តទៅទីក្រុងតូក្យូ តៃប៉ិ ឡូសអាន់ជឺឡេស ហុងកុង ម៉ានីល និងហ្សាកាតា ដោយទាក់ទាញអ្នកគាំទ្រសរុបប្រហែល ១៥០០០ នាក់។
ទោះបីជាទីភ្នាក់ងារបានគ្រោងទុកកម្មវិធីទ្រង់ទ្រាយធំពីដំបូងក៏ដោយ ប៉ុន្តែការលក់សំបុត្រទាបបាននាំឱ្យមានការលុបចោលកម្មវិធីនៅទីក្រុងហ្វ្រែងហ្វើត ប៊ែរឡាំង ឡុងដ៍ ប៉ារីស និងញូវយ៉ក។ ការលក់សម្រាប់កម្មវិធីនៅទីក្រុងសេអ៊ូលក៏បានចាប់ផ្តើមយឺតៗដែរ ប៉ុន្តែភ្នាក់ងារបានប្រកាសថាសំបុត្រប្រហែល ៨០ សន្លឹកប៉ុណ្ណោះ ខណៈនៅសល់ប្រាំមួយថ្ងៃមុនព្រឹត្តិការណ៍ មុនប្រកាសថា “លក់អស់” នៅពេលក្រោយ។
ទោះជាយ៉ាងណាក៏ដោយ រូបថតពីទីកន្លែងនោះបានធ្វើឱ្យអ្នកលេងអ៊ិនធឺណិតចោទជាសំណួរ ដោយសារកៅអីជាន់ទីពីរ និងជាន់ទីមួយមួយចំនួនហាក់ដូចជានៅទទេ។ ដោយសារសំបុត្រមានតម្លៃជិត ១០០,០០០ វ៉ុន (ប្រហែល ៧២ ដុល្លារ) វាជារឿងពិបាកទៅរួចដែលថាអ្នកទិញសំបុត្ររាប់រយនាក់អវត្តមាន ហើយសុខចិត្តបោះបង់សំបុត្រចោល។

យ៉ាងណាក៏ដោយ Han So Hee បានរំជួលចិត្តស្រក់ទឹកភ្នែកពេលថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ។ នាងបាននិយាយថា៖ “ក្តីស្រឡាញ់របស់គ្រប់គ្នាគឺជាអ្វីដែលជំរុញឱ្យខ្ញុំបន្តធ្វើជាតារាសម្តែង”។ “ខ្ញុំបានទទួលការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែថ្ងៃនេះមានអារម្មណ៍ថាមានអត្ថន័យជាពិសេស។ ខ្ញុំសង្ឃឹមថាពេលវេលាដូចនេះកើតឡើងញឹកញាប់ជាងនេះ”។ នាងបានបន្ថែមថា៖ “សូមអរគុណដល់អ្នកទាំងអស់គ្នា ខ្ញុំបានបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅថ្ងៃនេះ។ ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបង្ហាញអ្នកពីផ្នែកដ៏ល្អប្រសើររបស់ខ្ញុំ”។
គួរបញ្ជាក់ថា បច្ចុប្បន្នតួឯកស្រីរូបនេះកំពុងរៀបចំសម្រាប់ការចេញផ្សាយរឿងថ្មីមានចំណងជើងថា Project Y ហើយនឹងសម្តែងក្នុងភាពយន្ត The Intern ដែលជាភាពយន្ត Remake ពីរឿងហូលីវូដដ៏ល្បី ៕


























Account
Security
Favourite Content