តារាសម្ដែងស្រីកំពុងល្បីរបស់កូរ៉េ Han So Hee បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពអចលនទ្រព្យ ដោយបានទិញ Penthouse (ផ្ទះជាន់ដំបូល) ដ៏ប្រណិតមួយនៅទីក្រុង Guri ខេត្ត Gyeonggi ក្នុងតម្លៃ ៥២០០ លានវ៉ុន ស្មើនឹងប្រហែល ៣,៨ លានដុល្លារអាមេរិក។
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Herald Economy កាលពីថ្ងៃទី ២០ ខែតុលា បានឱ្យដឹងថា តួឯកស្រីរឿង “Nevertheless” បានទិញផ្ទះពីរជាន់ទំហំ ២០៣ ម៉ែត្រការ៉េនៅអគារ Arcadia Signature ស្ថិតក្នុងភូមិ Achul និងបានបញ្ចប់ការទូទាត់ និងផ្ទេរកម្មសិទ្ធិនៅថ្ងៃទី ២១ ខែសីហា។

មុនទិញផ្ទះថ្មីនេះ Han So Hee ធ្លាប់រស់នៅក្នុងភូមិគ្រឹះក្បែរនោះ ដែលនាងបានទិញក្នុងតម្លៃ ១៩៥០ លានវ៉ុន (ប្រហែល ១,៤ លានដុល្លារអាមេរិក) ក្នុងខែធ្នូ ឆ្នាំ ២០២១ ដោយបង់ជាសាច់ប្រាក់សុទ្ធ។ ថ្មីៗនេះ នាងក៏បានទម្លាយដែរថា ខ្លួនបាននិងកំពុងស្នាក់នៅក្នុងសណ្ឋាគារមួយ ខណៈនាងត្រៀមផ្លាស់ទៅផ្ទះថ្មី។
ប្រភពខាងលើបានឱ្យដឹងថា អគារ Arcadia Signature រួមមានអាផាតមែនសរុប ៨ យូនីត ហើយក្នុងនោះផ្ទះរបស់ Han So Hee ដែលមានទម្រង់ជាវីឡាប្រណិត២ជាន់ខាងលើគេនោះរួមមានបន្ទប់គេង ៤ បន្ទប់ទឹក ៣ និងទីធ្លាលើដំបូល ដែលអាចមើលឃើញទេសភាពភ្នំ Achasan និងទន្លេ Han យ៉ាងស្រស់ស្អាត។
ភូមិ Achul កំពុងក្លាយជាតំបន់ពេញនិយមសម្រាប់អ្នកដែលស្វែងរករបៀបរស់នៅស្ងប់ស្ងាត់ ខណៈមានចម្ងាយត្រឹមតែ ១៥ នាទីពីតំបន់ Gangnam ទីក្រុងសេអ៊ូល។ តំបន់នេះក៏ជាទីលំនៅសម្រាប់តារាល្បីៗជាច្រើនទៀតដូចជា Hyun Bin និង Son Ye Jin តារាសម្ដែង Oh Yeon Seo និងកីឡាករបាល់ទាត់ Kim Min Jae។
ទន្ទឹមនឹងដំណឹងទិញផ្ទះ ថ្មីៗនេះដែរ Han So Hee បានប្រឈមមុខនឹងព័ត៌មានចម្រូងចម្រាស បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គណនីអនាមិកដើម្បីបង្ហោះ Comment អាក្រក់អំពីតារាសម្ដែង Hyeri ។ យ៉ាងណាមិញ ទីភ្នាក់ងាររបស់នាងបានឆ្លើយតបដោយបញ្ជាក់ថា “គណនីបណ្តាញសង្គមដែលលាតត្រដាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមិនមែនជាកម្មសិទ្ធិរបស់ Han So Hee ទេ។ បើមានការរកឃើញខុសពីនេះ ពួកយើងនឹងទទួលខុសត្រូវតាមផ្លូវច្បាប់” ៕

























Account
Security
Favourite Content