អតីតតារាស្រីល្បីឈ្មោះនៅ TVB គឺតារាស្រី Grace Wong ថ្មីៗនេះបានចែករំលែកដំណឹងល្អនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាងជាមួយនឹងរូបភាពកំពុងមានផ្ទៃពោះកូនដំបូង ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍រយៈពេល ៧ ឆ្នាំមកដល់ពេលនេះ។
ដំណឹងដ៏រីករាយមួយនេះត្រូវបានផ្សព្វផ្សាយ ក្រោយតារាស្រីរូបនេះបានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាមួយនឹងស្វាមីជាទីស្រឡាញ់ Daniel Zhang ដើម្បីអបអរសមាជិកថ្មីលើទឹកដី Santoroni ប្រទេសក្រិក។ មិនត្រឹមប៉ុណ្ណេះ នាងក៏បានចែករំលែកជាមួយសំណេរដ៏ររំភើបថា៖ “អំណោយដ៏ល្អបំផុតក្នុងឆ្នាំនេះ”។



ចាប់តាំងពីការប្រកាសដំណឹងរីករាយមួយនេះ តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះបានបង្ហើបថាពេលនេះនាងកំពុងស្ថិតក្នុងខែទី ៥ ហើយក៏នឹងគ្រោងនឹងសម្រាលនៅខែឧសភា ឆ្នាំ២០២៥ ខាងមុខឆាប់ៗនេះដែរ។ ទន្ទឹមនឹងនោះ Grace Wong ក៏បានឱ្យដឹងថា៖ ពីដំបូងនាងស្ទើរមិនជឿនោះទេ ដូច្នេះហើយនាងបានធ្វើតេស្ដជាច្រើនដងដើម្បីឱ្យប្រាកដចិត្តមុនពេលនឹងប្រាប់ដំណឹងល្អនេះទៅស្វាមីរបស់នាង។ បន្ទាប់ពីប្ដីរបស់នាងបានដឹងដំណឹងនោះហើយ គាត់ពិតជាស្រឡាំងកាំងមែនទែន ហើយនាងក៏បានថតវីដេអូទុកផងដែរ។ សម្រាប់ភេទរបស់កូនវិញគឺនាងមិនទាន់ចង់បង្ហាញឡើយ ដោយគ្រាន់តែសង្ឃឹមថាកូនច្បងនឹងក្លាយជាក្មេងស្ដាប់បង្គាប់ មិនក្បាលរឹងនោះទេ។


ចំពោះសុខភាពរបស់ម្ដាយវិញ នាងបានបន្ថែមថាក្នុងកំលុងពេលត្រីមាសទីមួយ វាពិតជាពិបាកខ្លាំងណាស់សម្រាប់នាង។ ប៉ុន្ដែពេលចូលដល់ចន្លោះខែទី ៤ និងទី ៦ នាងហាក់មានថាមពលជាងមុនដោយឥឡូវនេះនាងបានឡើងទម្ងន់រហូតដល់ជិត ៥៩ គីឡូ។ លើសពីនេះ នាងបានប្រាប់ថាទោះជានាងឡើងទម្ងន់ ហើយផ្លាស់ប្ដូររូបរាងមែន តែស្វាមីរបស់នាងពិតជារីករាយក្រោយឃើញនាងស្រស់ស្រាយបែបនេះ និងមិនស្គមខ្លាំងពេកដូចកាលពីមុន៕

























Account
Security
Favourite Content