នៅថ្ងៃទី២០ ខែមីនានេះ GOLD MEDALIST បានប្រកាសថា ខ្លួនកំពុងរៀបចំវិធានការតាមផ្លូវច្បាប់ទៅលើគ្រួសាររបស់ Kim Sae Ron និងម្ចាស់គណនីយូធូប Garo Sero Research Institute ចំពោះការបំពានទៅលើ Kim Soo Hyun នៅពេលកន្លងមក។ នៅក្នុងថ្ងៃតែមួយ Garo Sero Research Institute ក៏បានបើកបង្ហាញពីសំបុត្ររបស់ម្ដាយទៅកាន់តារាស្រី ដោយប្រាប់ថា ខ្លួនគ្រាន់តែចង់បានពាក្យសុំទោស ដើម្បីបង្ហាញភាពស្អាតស្អំ។

ក្នុងសេចក្ដីប្រកាសមួយនេះ GOLD MEDALIST បានសរសររៀបរាប់ថា ខ្លួននឹងធ្វើការប្ដឹងផ្ដល់ទៅលើលោក Kim Sae Eui ដែលជាម្ចាស់គណនីយូធូប Garo Sero Research Institute ចំពោះការបង្ហោះរូបភាពដែល Kim Soo Hyun មិនបានស្លៀកខោ ក៏ដូចជាការប្ដឹងផ្ដល់ទៅលើគ្រួសារ និងបុគ្គលដែលអះអាងថាជា ម្ដាយមីងរបស់ Kim Sae Ron ដែលជាអ្នកប្រគល់រូបទាំងនេះទៅឱ្យ YouTuber ជាដើមហេតុនៃហេតុការណ៍ដូចបញ្ជាក់ខាងលើនេះ។
GOLD MEDALIST ទីភ្នាក់ងារបានរៀបរាប់ថា នេះគឺជាបទល្មើសទាក់ទងនឹងឧក្រិដ្ឋកម្មផ្លូវភេទ។ ទីភ្នាក់ងារដដែលនៅតែអះអាងថារូបថតមួយសន្លឹកនេះ ត្រូវបានថតនៅពេលដែល Kim Soo Hyun កំពុងទាក់ទងគ្នានឹង Kim Sae Ron ដែលពេញវ័យទៅហើយ ព្រមទាំងបានបញ្ជាក់ពីផលប៉ះពាល់នៃការបង្ហោះបន្ថែមថា៖ “រូបថតនេះថតជាប់រាងកាយរបស់ Kim Soo Hyun ដែលអាចបណ្តាលឱ្យគាត់មានការអាម៉ាស់ខាងផ្លូវភេទ ហើយវាគឺជារូបថតដែលមិនគួរបង្ហាញជាសាធារណៈ ឬមិនមានហេតុផលណាមួយដែលត្រូវបង្ហាញនោះទេ”។
“ការបង្ហោះរូបថតបែបនេះនៅលើយូធូប គឺច្បាស់ណាស់ជាអំពើឧក្រិដ្ឋ។ បន្ថែមពីនេះ Garo Sero បានគំរាមកំហែង Kim Soo Hyun ដោយបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការបន្តបញ្ចេញរូបថតស្រដៀងគ្នានេះតទៅទៀត។ ដូច្នេះហើយ GOLD MEDALIST គឺគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបែបនេះ” ក្រុមហ៊ុនបានបន្តដូច្នេះ។

ទីភ្នាក់ងារបាននិយាយទៀតថា កន្លងមក ទោះបីជាក្រុមគ្រួសារ Kim Sae Ron បានផ្ដល់ព័ត៌មានមិនពិត និងបានផ្សព្វផ្សាយជាសាធារណៈក៏ពិតមែន តែទីភ្នាក់ងារមិនគិតដល់រឿងប្ដឹងផ្ដល់ ព្រោះចង់គោរពទៅដល់អ្នកដែលបានស្លាប់ទៅហើយ ក៏ប៉ុន្តែដើម្បីកុំឱ្យមានការបង្ហោះរូបភាពប្រភេទតែមួយនេះបន្តទៀត ទើបទីភ្នាក់ងារបង្ខំចិត្តធ្វើការប្ដឹងទៅកាន់គ្រួសារ។
ដោយឡែក នៅយប់នៃថ្ងៃតែមួយដែល GOLD MEDALIST បានចេញសេចក្ដីប្រកាសខាងលើ Garo Sero Research Institute ក៏បានបង្ហោះវីដេអូ បើកបង្ហាញសំណេរដៃរបស់ម្ដាយបង្កើត Kim Sae Ron ផងដែរ។ សំបុត្រមួយច្បាប់នោះបានថ្លែងពីសេចក្ដីនឹករឭក ការសោកស្ដាយ និងភាពឈឺចាប់ដែលបាត់បង់កូនស្រី ដោយអ្នកម្ដាយរូបនេះបានសរសេរបន្ថែមថា ខ្លួននៅតែឮសំឡេងរបស់កូនស្រីនិយាយមកកាន់ខ្លួនដូចដើម។
ម្ដាយរបស់តារាស្រីបានសរសេរបន្តថា អ្វីដែលគាត់ចង់បាននោះគឺ ពាក្យសុំទោស ដើម្បីឈប់ឱ្យដទៃមើលមកខ្លួនថា ជាមនុស្សប្រតិដ្ឋរឿងកុហក និងមិនចង់ឱ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ ក៏ប៉ុន្តែអ្វីដែលលោកស្រីទទួលបានគឺ ការបដិសេធ និងនៅតែទាមទារឱ្យខ្លួនធ្វើការបកស្រាយម្ដងហើយម្ដងទៀត។
ទាក់ទងនឹងពាក្យចចាមអារ៉ាមដែលលោក Lee Jin Ho បានផ្សព្វផ្សាយថា Kim Sae Ron ធ្លាប់រៀបការ និងរំលូតកូន គ្រួសាររបស់តារាស្រីបានប្រាប់ថា សូម្បីតែខ្លូនឯងផ្ទាល់ក៏មិនធ្លាប់ដឹងឮពីរឿងនេះដែរ ហើយខ្លួនមិនយល់ពីហេតុផលដែលអតីតអ្នកគ្រប់គ្រងយករឿងនេះទៅប្រាប់ Lee Jin Ho នោះទេ៕























Account
Security
Favourite Content