យោងតាមប្រភពព័ត៌មានកូរ៉េ Top Star News បានឱ្យដឹងថា កុងត្រារបស់ផលិតកម្ម YG និងតារាចម្រៀងខេប៉ុបល្បី G-Dragon បានអស់សុពលភាពហើយ ខណៈមិនទាន់មានដំណឹងពីការបន្ដកុងត្រាថ្មីឡើយ។ ស្របពេលជាមួយគ្នា ឈ្មោះរបស់តារាចម្រៀងប្រុសល្បីរូបនេះក៏មិនត្រូវបានឃើញក្នុងបញ្ជីរបស់ផលិតកម្ម YG ទៀតដែរ និងមានលេចពាក្យចចាមអារ៉ាមថាលោកចង់ដើរចេញពីផលិតកម្ម។
ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើនហាក់មានការងឿយឆ្ងល់ និងចង់ដឹងពីអនាគត G-Dragon ថារូបលោកនឹងបន្ដកុងត្រាថ្មីជាមួយខាងផលិតកម្ម ឬសម្រេចចាកចេញពីផលិតកម្មដូចអតីតសមាជិករួមក្រុម T.O.P។
ជាមួយគ្នាដែរ ផលិតកម្ម YG ក៏បានចេញមកឆ្លើយតបទាក់ទិននឹងបញ្ហាកុងត្រារបស់តារាប្រុស G-Dragon។ ខាងផលិតកម្មបានបញ្ជាក់ថា កុងត្រារបស់តារាប្រុស G-Dragon និង YG ពិតជាបានអស់សុពលភាពមែន ថ្វីបើមិនទាន់ពិភាក្សារឿងចុះកុងត្រាថ្មី ប៉ុន្ដែខាងផលិតកម្មនៅបន្ដធ្វើការជាមួយលោកតាមរយៈកុងត្រាតូចៗ ផ្សេងទៀតដូចជា ស្បត់ពាណិជ្ជកម្ម ជាដើម។
ខាងផលិតកម្មនឹងគ្រោងចរចាកុងត្រាថ្មីនៅពេលដែលតារាប្រុសរូបនេះ បញ្ចេញចម្រៀងថ្មី ជាពិសេសផលិតកម្មនឹងជួយជ្រោមជ្រែង និងគាំទ្រដល់តារាប្រុស G-Dragon ឱ្យបានច្រើនតាមដែលអាចធ្វើបាន។
បើតាមសម្ដីរបស់តារាប្រុស G-Dragon ផ្ទាល់ លោកធ្លាប់បានប្រកាសកាលពីដើមឆ្នាំថា លោកកំពុងធ្វើការលើអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន និងមានគម្រោងបញ្ចេញក្នុងឆ្នាំ ២០២៣។ ប៉ុន្ដែមិនទាន់ដឹងថា រូបលោកនឹងសម្រេចចិត្តយ៉ាងណាចំពោះការចុះកុងត្រាសារជាថ្មីជាមួយផលិតកម្ម YG ឡើយ។
គួររំឮកថា G-Dragon បានបង្ហាញមុខជាសមាជិកក្រុមចម្រៀង BigBang ក្នុងឆ្នាំ ២០០៦ ជាបន្ដបន្ទាប់លោកក៏បានបញ្ចេញចម្រៀងទោល និងទទួលបានជោគជ័យខ្លាំងព្រមទាំងឈ្នះពានរង្វាន់ជាហូរហែ។ លោកក៏ត្រូវបានគេដាក់រហ័ស្សនាមថាជា “King Of Kpop” ផងដែរ៕