រឿងក្ដីបណ្ដឹងរវាង ស៊ូ ស៊ីរីកា និងម្ដាយធំ ជុំ រស្មី ហៅ ស្រីតូច ជាមួយជីតាចុង ដែលអូសបន្លាយជាង ២ឆ្នាំហើយនោះ ពេលនេះឈានដល់ទីបញ្ចប់ ហើយគ្រួសារខាងតារាចម្រៀងស្រីរូបនេះ ក៏ព្រមយកការសម្របសម្រួល និងទទួលបានទ្រព្យសម្បត្តិសមរម្យមួយ។

ក្រោយសំណុំរឿងមកដល់សាលាឧទ្ធរណ៍ដោយមានការជំនុំជម្រះ ៣-៤ លើករួចមក ជាចុងក្រោយទទួលបានការសម្របសម្រួលពីឯកឧត្ដម សេង ស៊ីវត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានធ្វើឲ្យរឿងនេះគ្មានអ្នកឈ្នះ ហើយក៏គ្មានអ្នកចាញ់ដែរ។ ខាងសាលាឧទ្ធរណ៍បានចេញលិខិតសះជា ហើយការកាត់ក្ដីតម្រូវឲ្យខាងភាគីដើមបណ្ដឹង និងចុងបណ្ដឹងទទួលបានទ្រព្យសមគួរ។
ការបែងចែកមរតកសាស្ត្រ គឺមិនបានផលទេ ខាងសាលាឧទ្ធរណ៍មិនព្រម ព្រោះខុសទម្រង់ ដោយកាត់ឲ្យបែងចែកមរតកតាមច្បាប់វិញ។ មានន័យថា មរតកតាមច្បាប់នោះបានតែចំណែកកូនៗប៉ុណ្ណោះ។ តែពេលទ្រព្យសម្បត្តិដែលខាងច្បាប់បែងចែកឲ្យ អ្នកនាង ជុំ រស្មី នឹងបែងចែកឲ្យកូនក្មួយបន្តទៀត ព្រោះមិនអាចឲ្យកូនចៅ ឬក្មួយគ្មានអ្វីឡើយ ត្រូវតែគិតគូរពីជីវភាពពួកគាត់ ឲ្យដូចកាលម្ដាយអ្នកនាងនៅមានជីវិត។ ណាមួយនៅមរតកសាស្រ្តរបស់អ្នកស្រី កែវ មន្ថា បានបែងចែកក្មួយៗប៉ុន្មានភាគរយដែរ តែឥឡូវយកតាមមរតកតាមច្បាប់ គឺមិនមែនទេ បានចំណែកតែកូនៗប៉ុណ្ណោះ។
អតីតតារាកំប្លែង ជុំ រស្មី បានថ្លែងចំពោះមុខអ្នកសារព័ត៌មានកាលពីម្សិលមិញថា ខាងសាលាឧទ្ធរណ៍បានសម្រេចឲ្យបងប្អូនអ្នកនាងដែលជាកូនដើមអ្នកស្រី កែវ មន្ថា ដែលបានបន្សល់ទុកមរតកទទួលបានដីនៅវាលវែង ខេត្តពោធិ៍សាត់មានទំហំ ទទឹង ១០០ ម៉ែត្រ បណ្ដោយ ៥០០ ម៉ែត្រ និងផ្ទះនៅខណ្ឌដូនពេញ ព្រមជាមួយប្រាក់មួយចំនួន។ ចំណែកផ្ទះនៅទួលគោក គឺប្រគល់ជូនទៅស្វាមីអ្នកស្រី កែវ មន្ថា។

បើទោះជាសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ហើយខាងអ្នកនាង ជុំ រស្មី បានលុបរក្សាការពារកាលពីថ្ងៃ ៣០ ខែកក្កដា កន្លងទៅក៏ពិតមែន តែភាគីម្ខាងទៀត សុំអនុវត្តន៍សេចក្ដីសម្រេចរបស់ចៅក្រមរយៈពេល ៣ ទៅ ៤ ខែទៀត។
បើ ស៊ូ ស៊ីរីកា វិញ បានឲ្យមេធាវីខាងនាង ជូនដំណឹងទៅមេធាវីភាគីម្ខាងទៀត ដើម្បីចូលទៅយកសម្ភារៈចាស់ៗរបស់នាង ដែលត្រូវប្រើការក្នុងអាជីពជាតារារបស់ខ្លួនវិញផងដែរ ព្រោះកាលចេញពីទីនោះ ម្ចាស់បទ «ទៅយូរពេកហើយ» មិនមានអ្វីជាប់ខ្លួនទេ ហើយអ្វីដែលសំខាន់សម្រាប់នាងមួយទៀតនោះ គឺកាបូបដែលជីដូនជាទីស្រលាញ់ទិញឲ្យជាកាដូ កាលអ្នកស្រី កែវ មន្ថា នៅរស់រានមានជីវិត។


ដំណើរការរឿងក្ដីនេះចាប់តាំងពីឆ្នាំ ២០២១ រហូតដល់ខែ ៨ ឆ្នាំ ២០២៤ មានរយៈពេលជិត ៣ ឆ្នាំទៅហើយ។ តារាកំប្លែងស្រីរូបនេះបានបញ្ជាក់ថា ពេលខ្លះបាក់ទឹកចិត្ត សឹងតែបោះបង់ លែងប្ដឹងតវ៉ាទៅហើយ តែលោកស្រីនៅតែជឿជាក់លើប្រព័ន្ធយុត្តិធម៌ ហើយទីបំផុតករទទួលបានការជ្រោមជ្រែងពីសំណាក់ឯកឧត្ដម សេង ស៊ីវត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ខាងសមាគមសិល្បករខ្មែរដែលផ្ដល់មេធាវី និងថ្នាក់ដឹកនាំសំខាន់ៗទៀត ជំរុញឲ្យអ្នកស្រីអាចទទួលបានយុត្តិធម៌មកវិញ។ ក្រុមគ្រួសារអ្នកនាង ជុំ រស្មី ពិតជាថ្លែងអំណរគុណខ្លាំង ចំពោះការខ្វាយខ្វល់ និងការផ្ដល់ភាពយុត្តិធម៌៕



























Account
Security
Favourite Content