នៅក្នុងថ្ងៃខួបកំណើតគម្រប់ខួប ២៥ឆ្នាំ Felix សមាជិកក្រុម Stray Kids បានឆ្លងថ្ងៃពិសេសនេះ ដោយបានបរិច្ចាគប្រាក់ចំនួន ២០០លានវ៉ុន ឬប្រមាណ ១៤០០០០ ដុល្លារអាមេរិក ជួយដល់កុមារ។

នៅថ្ងៃទី ១៥ ខែកញ្ញា នេះ Felix បានបរិច្ចាគប្រាក់ ១០០លានវ៉ុនស្មើនឹង ៧២០០០ ដុល្លារអាមេរិកទៅដល់ Samsung Medical Center ដើម្បីជួយចេញថ្លៃព្យាបាលដល់អ្នកជំងឺវ័យកុមារ។ បន្ថែមពីនេះ តារាប្រុសក៏បានបរិច្ចាគទឹកប្រាក់ ៥០លានវ៉ុន ឬប្រមាណ ៣៦០០០ ដុល្លារអាមេរិក ទៅឱ្យអង្គការ UNICEF ដើម្បីជួយគាំទ្រគម្រោងផ្គត់ផ្គង់អាហាររូបត្ថម្ភ និងទឹកស្អាតនៅក្នុងប្រទេសឡាវ អមគ្នានឹងចំនួនទឹកប្រាក់តែមួយទៅកាន់អង្គការ World Vision សម្រាប់គម្រោងថែទាំកុមារក្នុងគ្រួសារ។
ទន្ទឹមគ្នានឹងអំពើសប្បុរសលើកនេះ Felix បានចែករំលែកគោលបំណងរបស់ខ្លួនថា៖ “អរគុណចំពោះក្តីស្រលាញ់ឥតមានផ្លាស់ប្តូរដែលខ្ញុំទទួលបានពីអ្នកគាំទ្រ។ ខ្ញុំបានចូលរួមចែករំលែក ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កុមារទាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កុមារគ្រប់រូបនឹងមានសេរីភាពក្នុងការមានក្ដីសុបិន ឥតមានអ្វីត្រូវព្រួយបារម្ភ”។

នេះជាឆ្នាំទីពីរហើយដែលតារារ៉េបប្រចាំក្រុម Stray Kids បានអបអរថ្ងៃកំណើតរបស់ខ្លួនជាមួយនឹងការធ្វើសប្បុរសធម៌ ដូចគ្នានឹងការបរិច្ចាគទៅកាន់អង្គការ UNICEF និង World Vision កាលពីឆ្នាំមុន។
លើសពីការបរិច្ចាគក្នុងថ្ងៃខួបកំណើត Felix ក៏តែងតែចូលរួមសកម្មភាពជួយសង្គមផ្សេងទៀត ដូចជាគម្រោងជួយសង្គ្រោះ នៅក្នុងការរញ្ជួយដីឯប្រទេសស៊ីរី និងទួរគី ឆ្នាំ ២០២៣ គម្រោងគាំពារកុមារ Achim Meokgo ក្នុងឆ្នាំ ២០២៤ និងការជួយស្ដារព្រៃឈើ ក្រោយមានភ្លើងឆេះព្រៃនៅក្នុងតំបន់ Gyeongnam និង Gyeongbuk ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៥៕
























Account
Security
Favourite Content