នៅថ្ងៃទី១០ ខែតុលានេះ fromm កម្មវិធីភ្ជាប់ទំនាក់ទំនងរវាង Solar និងក្រុមអ្នកគាំទ្របានបញ្ជូនសារប្រកាសថា តារាខេប៉ុបសមាជិកក្រុម MAMAMOO នឹងស្ម័គ្រចិត្តចូលបម្រើក្នុងជួរយោធា។

សារខាងលើនេះបានជូនដំណឹងដល់អ្នកគាំទ្រថា កម្មវិធី fromm Solar នឹងផ្អាកដំណើរការជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះតទៅ ដោយបញ្ជាក់ពីមូលហេតុពីក្រោយថា ព្រោះ Solar ចូលបម្រើក្នុងជួរទាហាន។
ខណៈនៅក្នុងប្រទេសកូរ៉េខាងត្បូងមានច្បាប់កំណត់ឱ្យបុរសដែលមានអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំត្រូវចូលបម្រើកាតព្វកិច្ចយោធា ស្រ្តីមិនមានកាតព្វកិច្ចនេះទេ តែអាចចូលបម្រើការបានដោយការស្ម័គ្រចិត្ត។ មូលហេតុនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយមិនប្រាកដចិត្តថា នេះគឺជាបញ្ហាបច្ចេកទេស ឬតារាស្រីវ័យ ៣៤ឆ្នាំពិតជាបានស្ម័គ្រចិត្តមែន។

មកទល់នឹងព្រឹកថ្ងៃទី១៣ ខែតុលានេះ RBW Entertainment ដែលជាទីភ្នាក់ងាររបស់តារាស្រីនៅមិនទាន់បានចេញមកបញ្ជាក់ដំណឹងជាផ្លូវការនោះទេ ដោយទុកឱ្យអ្នកគាំទ្របន្តសង្ស័យទៅលើរឿងនេះ។
យ៉ាងណាមិញ ក្នុងករណីដែល Solar ពិតជាបានចូលបម្រើការនៅក្នុងជួរយោធាមែន នេះចាត់ទុកជាហេតុការណ៍ប្រវត្តិសាស្រ្តសម្រាប់វិស័យខេប៉ុប ដែលមានអាយដលស្រីស្ម័គ្រចិត្តចូលការពារជាតិក្នុងនាមជាទាហានស្រី៕
























Account
Security
Favourite Content