ថ្មីៗ នេះ សមាជិកក្រុមចម្រៀង Infinite គឺ DongWoo បានទម្លាយពីរឿងចម្លែកមួយកើតឡើងចំពោះលោកដែលធ្វើឲ្យអ្នកគាំទ្រហាក់មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់លោក។

DongWoo បានចែករំលែកពីរូបភាពមួយបង្ហាញឲ្យឃើញពីទីកន្លែងដែលកាស Airpod របស់លោកបានបង្ហាញខ្លួន។ បើតាមការបញ្ជាក់របស់តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះ កាស Airpod របស់លោកបានបាត់ទៅហើយកាលពី ២ ឆ្នាំមុន។ ប៉ុន្ដែស្រាប់តែសញ្ញាភ្ជាប់តាមដានរបស់កាសបង្ហាញថា កាសនោះគឺមិនទៅណាឆ្ងាយពីលោកឡើយគឺនៅក្បែរៗ។



សញ្ញាកាសនោះថែមទាំងបានបង្ហាញថា មនុស្សដែលរើសបានវាបានហោះពីកូរ៉េខាងត្បូងទៅទីក្រុងម៉ាកាវ ថែមទៀត អ្វីដែលកាន់តែគួរឲ្យខ្លាចមនុស្សម្នាក់នោះបានចូលរួមទស្សនាការប្រគំតន្ដ្រីរបស់ Infinite នៅឯទីក្រុង ម៉ាកាវ។
DongWoo បានលើកឡើងបន្ដទៀត៖ កាសនោះគឺមានឈ្មោះរបស់លោក និងរូបសញ្ញារបស់ក្រុម Infinite ប្រសិនបើបានឃើញគួរតែផ្ដល់ដំណឹងមកប្រាប់ខ្ញុំ។


ក្រោយពីបានដឹងដំណឹងនេះ អ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភ និងសង្ឃឹមថា DongWoo បង្កើនការប្រុងប្រយ័ត្នជាងមុនព្រោះវាអាចជាអ្នកគាំទ្ររោគចិត្តលួចយកទៅ និងបន្ដដើរតាមលោក។ ជាក់ស្ដែង DongWoo មិនមែនជាមនុស្សដំបូងឡើយដែលត្រូវអ្នកគាំទ្ររោគចិត្តដេញតាម ឬតាមរំខាន សមាជិកក្រុមចម្រៀងខេប៉ុបល្បីៗ ជាច្រើនតែងត្រូវអ្នកគាំទ្ររោគចិត្តដេញតាមជាប់ស្អិត អ្នកខ្លះតាមដល់កន្លែងស្នាក់នៅ និងបន្ទប់សណ្ឋាគារផងដែរ ៕
























Account
Security
Favourite Content