អ្នកគាំទ្រមានសំណាងមួយរូបបានជួបនឹង Sana សមាជិក Twice ដោយមិនបានព្រៀងទុកនៅក្នុងហាងអាហារមួយកន្លែង ឯទីក្រុងសេអ៊ូល។ លើសពីឱ្យហត្ថលេខា តារាក្នុងដួងចិត្តស្រាប់តែចេញលុយថ្លៃអាហារឱ្យពួកគេទៀតផង។

ជំនួបដោយចៃដន្យនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅនេះ បានចែកចាយជាសាធារណៈដោយអ្នកគាំទ្រនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ចិន Weibo។
សំណេរដែលភ្ជាប់ជាមួយនឹងរូបថត ៤សន្លឹកបានរៀបរាប់ថា វាបៀបដូចជាសុបិនដែលខ្លួនមិនដែលនឹកស្មានដល់។ សំណេរជាភាសាចិនមួយនោះសរសេរថា៖ “ខ្ញុំពិតជាត្រូវចែករំលែកបទពិសោធន៍ដែលដូចជាសុបិនមួយនេះ។ ខ្ញុំបានជួប Sana-chan ដោយចៃដន្យ ខណៈខ្ញុំកំពុងញ៉ាំអាហារ”។

អ្នកគាំទ្ររូបនេះ បានលើកសរសើរតារាវ័យ ២៧ឆ្នាំរូបនេះថា៖ “នាងស្រស់ស្អាតណាស់ កក់ក្ដៅ ហើយក៏ទន់ភ្លន់ទៀត” អ្នកគាំទ្របន្ត៖ “ខ្ញុំបានប្រមូលភាពក្លាហានដែលខ្លួនមាន ទៅនិយាយជាមួយនឹងនាងអស់រយៈពេល ៣នាទី ហើយទទួលបានហត្ថលេខាទៀតផង”។
អ្នកគាំទ្រដដែលបានរៀបរាប់ពីនាទីដែលដឹងខ្លួនថា តារាក្នុងដួងចិត្តបានចេញលុយថ្លៃអាហារពេលល្ងាចថា៖ “នៅពេលខ្ញុំត្រៀមគិតលុយ បុគ្គលិកបានប្រាប់ខ្ញុំថា Sana-chan បានទូរទាត់រួចហើយ”។
ក្រោយពីឮដូច្នេះ អ្នកគាំទ្ររូបនេះសរសេរថា ថ្ងៃនេះខ្លួនជាស្រ្តីដែលមានក្ដីសុខបំផុតនៅលើពិភពលោក ដោយបានសរសើរបន្ថែមថា តារាស្រីខេប៉ុបរូបនេះស្អាតទាំងរូប ល្អទាំងចរិត។
ក្រោយអ្នកគាំទ្រឯទៀតបានយកការបង្ហោះនេះមកចែកចាយបន្តនៅលើកម្មវិធី X អ្នកនិយមស្ដាប់ចម្រៀងរបស់ Twice និងជាអ្នកគាំទ្ររបស់ Sana បានបង្ហាញអារម្មណ៍ច្រណែននឹងអ្នកគាំទ្ររូបនេះ ដោយមានអ្នកខ្លះទៀតបានបួងសួងសុំឱ្យអ្នកគាំទ្រដែលមានសំណាងរូបនេះ ជាខ្លួនឯងនៅវេលានោះ។
























Account
Security
Favourite Content