SUGA Forest គម្រោងអភិរក្សាបរិស្ថាន ដែលជាគំនិតផ្ដួចផ្ដើមដោយអ្នកគាំទ្ររបស់ SUGA បានទទួលពានរង្វាន់នៅក្នុងកម្មវិធី Seoul Environmental Award សម្រាប់ការចូលរួមថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាពក្នុងគ្រាកន្លងមក។

គម្រោងដែលបង្កើតឡើងជាកាដូសម្រាប់ថ្ងៃកំណើតរបស់ SUGAR មួយនេះ ត្រូវបានសហព័ន្ធបរិស្ថានទីក្រុងសេអ៊ូលទទួលស្គាល់ជាផ្លូវការថា ជាម្នាក់នៃ “ក្រុមមនុស្សដែលបានធ្វើឱ្យទីក្រុងសេអ៊ូលស្រស់ស្អាតប្រចាំឆ្នាំ ២០២៤” ឬ “2024 People who made Seoul Beautiful” ជាមួយនឹងពានរង្វាន់ Environmental Stepping Stone Award។ នេះបើយោងតាម Allkpop។
ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ បង្កើតឡើងសម្រាប់ប្រគល់ជូនបុគ្គល ឬអង្គការនានាដែលបានរួមចំណែកការពារបរិស្ថាន និងធ្វើការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងទីក្រុងសេអ៊ូល។ ជាក់ស្ដែង មូលហេតុដែលសហព័ន្ធបរិស្ថានទីក្រុងសេអ៊ូលសម្រេចជ្រើសរើស SUGA Forest ឱ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Seoul Environmental Award នេះ ក៏ព្រោះតែការតាំងចិត្តរបស់ក្រុមក្នុងពេលកន្លងមក ដែលអាចយកមកធ្វើជាគំរូ ទៅកាន់ក្រុមអ្នកគាំទ្រដទៃទៀត។

គួររំឭកផងដែរថា ក្រុមអ្នកគាំទ្ររបស់ SUGA បានបង្កើត SUGA Forest ឡើងនៅក្នុងខែមីនា ឆ្នាំ២០២៤ ដើម្បីធ្វើការអបអរសាទរដល់ថ្ងៃកំណើតរបស់សមាជិក BTS រូបនេះ ព្រមគ្នាជាមួយនឹងគោលបំណងក្នុងការលើកកម្ពស់សកម្មភាពនានាដែលទាក់ទងនឹងអាកាសធាតុ និងជីវចម្រុះ។
អ្វីដែលធ្វើឱ្យគម្រោងមួយនេះលេចធ្លោជាងគម្រោងរបស់ក្រុមអ្នកគាំទ្រដទៃទៀតនោះ ព្រោះតែ SUGA Forest ជាគម្រោងទីមួយដែលបានសហការជាមួយសហព័ន្ធបរិស្ថានទីក្រុងសេអ៊ូល និងមជ្ឈមណ្ឌលរុករកអេកូឡូស៊ី Bukhansan នៃឧទ្យានជាតិកូរ៉េ ដោយបានចាប់ផ្ដើមពីការដាំដើមឈើ រហូតអភិវឌ្ឍខ្លួនទៅជាគម្រោងមួយដែលមានសកម្មភាពជាបន្តបន្ទាប់ នាំឱ្យជះផលល្អដល់អាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីជារួម។
សមិទ្ធផលនៃ SUGA Forest បានក្លាយជាភស្តុតាងមួយនៃសកម្មភាពល្អៗពីសហគមន៍អ្នកគាំទ្រ ទន្ទឹមគ្នានឹងការចូលរួមលើកទឹកចិត្តមួយបន្ថែមទៀត ទៅកាន់សហគមន៍អ្នកគាំទ្រដទៃ ឱ្យយកចិត្តទុកដាក់ទៅលើសកម្មភាពនានា ដែលធ្វើឡើងដើម្បីប្រយោជន៍រួម៕
























Account
Security
Favourite Content