ដ្បិត Barbie Hsu ទទួលមរណភាពជិត ២ខែទៅហើយក្ដី DJ Koo នៅតែមិនទាន់អាចកាត់ចិត្តបាន ដោយលោកកំពុងតែរៀបចំកសាងរូបសំណាក ជាទីនឹករឭកដល់ភរិយា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ានកាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ Koo Jun Yup ឬមហាជនតែងហៅថា DJ Koo បានរួមដៃគ្នាជាមួយនឹងមិត្តភ័ក្ដិដែលជាអ្នកច្នៃម៉ូដម្នាក់ ដើម្បីកសាងរូបសំណាករបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ដោយរំពឹងថានឹងសាងសង់រួចរាល់នៅក្នុងឆ្នាំនេះ។
រូបសំណាកដែលជាកាដូចុងក្រោយមួយនេះ គ្រោងនឹងតម្កល់នៅក្នុងឧទ្យានបញ្ចុះសព Chin Pao San ក្នុងតំបន់ទីក្រុងតៃវ៉ាន់ថ្មី ដែលមានចម្ងាយប្រមាណ ៤០០ម៉ែត្រពីកន្លែងបញ្ចុះអដ្ឋិធាតុរបស់តារាស្រីរូបនេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា បន្ថែមពីរូបរបស់ Barbie Hus ទាំងស្រុង ឌីជីវ័យ ៥៥ឆ្នាំរូបនេះ មានគោលបំណងបញ្ចូលអ្វីដែលខ្លួនចូលចិត្តអំពីភរិយាចូលទៅកាន់រូបសំណាកមួយនេះ ដោយលោកបានបញ្ជាក់ទៀតថា លោកនឹងរង់ចាំឱ្យការសាងសង់ចប់សព្វគ្រប់ ទើបត្រឡប់ទៅទីក្រុងសេអ៊ូលវិញ។ ទន្ទឹមគ្នានេះ ម្តាយ និងប្អូនស្រីរបស់តារាសម្ដែងស្រីរូបនេះផ្ទាល់ ក៏បានបង្ហាញការគាំទ្រចំពោះគម្រោងខាងលើនេះដែរ។

គួររំឭកពីប្រវត្តិស្នេហារបស់តារា ២រូបនេះផងដែរថា DJ Koo និង Barbie Hsu បានទាក់ទងគ្នាជាលើកដំបូងតាំងតែពីឆ្នាំ ១៩៩៨ តែក៏បានចែកផ្លូវគ្នានៅឆ្នាំបន្ទាប់។ ក្រោយមក តារាស្រីរូបនេះបានរៀបការនឹងអ្នកជំនួញជនជាតិចិនម្នាក់ ឈ្មោះ Wang Xiaofei នឹងមានកូនប្រុស ១នាក់ ស្រី ១នាក់រួមគ្នា មុននឹងឈានដល់ការលែងលះនៅក្នុងឆ្នាំ ២០២១។
នៅឆ្នាំ ២០២២ DJ Koo និង Barbie Hsu បានត្រឡប់មកទាក់ទងគ្នាម្ដងទៀត ក្នុងនាមជាប្ដីប្រពន្ធ។ ជាអកុសលនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ តារាស្រីក៏បានបាត់បង់ជីវិត នៅពេលដែលកំពុងដើរលេងក្នុងប្រទេសជប៉ុន ដោយសារតែជំងឺរលាកសួត ដែលឆ្លងតាមជំងឺផ្ដាសាយធំ៕
























Account
Security
Favourite Content