កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានចែករំលែកសារលើបណ្តាញសង្គមដោយបង្ហាញពីទុក្ខសោកចំពោះការបាត់បង់ភរិយា និងនិយាយពីការបែងចែកទ្រព្យសម្បត្តិរបស់នាងផងដែរ។

តារាចម្រៀងដែលមានឈ្មោះដើមថា Koo Jun-yup បានសរសេរថា៖ “នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ ទេពធីតារបស់ខ្ញុំបានត្រឡប់ទៅឋានសួគ៌វិញហើយ។ ខ្ញុំចង់ថ្លែងអំណរគុណចំពោះអ្នករាល់គ្នាដែលកាន់ទុក្ខនាង»។ ឥឡូវនេះ ខ្ញុំកំពុងឆ្លងកាត់ទុក្ខសោកវេទនាដែលមិនអាចពិពណ៌នាបាន។ ខ្ញុំគ្មានកម្លាំង ឬចង់និយាយអ្វីទេប៉ុន្តែ មុនពេលដែលខ្ញុំអាចកាន់ទុក្ខ និងសោកស្ដាយចំពោះការបាត់បង់ដ៏ធំធេងនេះ មនុស្សគ្មានបេះដូងមួយចំនួនបានចាប់ផ្តើមបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារ និងស្នេហារបស់យើង»។
អតីតសមាជិកក្រុមចម្រៀងខេប៉ុប Clon រូបនេះបានរិះគន់បុគ្គលមួយចំនួនចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតថា៖ “មនុស្សមួយចំនួនកំពុងព្យាយាមបំផ្លាញគ្រួសាររបស់យើងដោយបង្កើតព័ត៌មានក្លែងក្លាយអំពីរឿងលុយធានារ៉ាប់រង និងការចំណាយផ្សេងៗ។ វាពិតជាគួរឱ្យខ្លាចណាស់ដែលគិតថាមនុស្សឃោរឃៅបែបនេះពិតជាមាននៅលើលោក តែសូមចិត្តអ្នកទាំងអស់គ្នាទុកឱ្យ Hsu បានសម្រាកដោយស្ងប់បានទេ?”
ទាក់ទងនឹងរបាយការណ៍មួយចំនួនអំពីបញ្ហាកេរ្តិ៍មរតក DJ Koo បាននិយាយថា៖ “ទ្រព្យសម្បត្តិទាំងអស់របស់ Hsu គឺជាការខិតខំប្រឹងប្រែងរបស់នាងដើម្បីផ្គត់ផ្គង់គ្រួសារដែលនាងស្រឡាញ់ ដូច្នេះខ្ញុំបានសម្រេចចិត្តប្រគល់សិទ្ធិអំណាចពេញលេញលើទ្រព្យទាំងនេះទៅឱ្យម្តាយក្មេករបស់ខ្ញុំ។ ចំពោះចំណែករបស់កូនៗ ខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់តាមរយៈមេធាវី ដើម្បីធានាថាមនុស្សអាក្រក់មិនអាចប៉ះវាបានទេ ហើយនឹងការពារទុកឱ្យពួកគេរហូតដល់ពួកគេធំពេញវ័យ”។


សូមរំឭកថា Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកុម្ភៈ ក្នុងអាយុ ៤៨ឆ្នាំ ខណៈពេលធ្វើដំណើរក្នុងប្រទេសជប៉ុន ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។ នាងធ្លាប់បានរៀបការជាមួយមហាសេដ្ឋីចិន Wang Xiaofei ក្នុងឆ្នាំ ២០១១ និងមានកូនប្រុសម្នាក់ កូនស្រីម្នាក់ មុនពេលលែងលះគ្នានៅឆ្នាំ ២០២១។ ផ្អែកតាមសារព័ត៌មាន Mirror Media បានឱ្យដឹងថាបន្ទាប់ពីលែងលះ សាន់ឆាយទទួលបានចំណែកទ្រព្យសម្បត្តិ ១៩ លានដុល្លារ។ សារព័ត៌មានតៃវ៉ាន់ ETToday បានរាយការណ៍ថាបើទោះបីសម្រាកពីការងារសម្ដែងយូរហើយក្ដី ប៉ុន្តែពីចំណូលរបស់នាងពីការទទួលផ្សាយពាណិជ្ជកម្មនានាកន្លងមកគឺមិនតិចជាង ៤,៧៥ លានដុល្លារនោះឡើយ ហើយនាងក៏នៅមានវីឡាប្រណិតចំនួន ២ កន្លែងដែលមានតម្លៃសរុបចូលគ្នាប្រមាណ ១៨ លានដុល្លារ។
ក្នុងឆ្នាំ ២០២២ Barbie Hsu បានរៀបការម្ដងទៀតជាមួយ DJ Koo។ ខណៈគូស្នេហ៍មួយគូនេះធ្លាប់ស្រលាញ់គ្នាម្ដងហើយកាលពីឆ្នាំ ១៩៩៨ ការត្រលប់មកជួបគ្នាម្តងទៀតបន្ទាប់ពីបែកគ្នា ២៣ ឆ្នាំ ធ្វើឱ្យជីវិតគូរបស់ពួកគេកាន់តែទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន ៕




























Account
Security
Favourite Content