V បានជាប់ឈ្មោះជាតារាខេប៉ុបដែលមានអ្នកចុចស្វែងរកច្រើនបំផុតនៅក្នុងលើ Google ខណៈទស្សនាវដ្ដី Forbes Korea ក៏ចាត់ទុកសមាជិក BTS រូបនេះថាជា ១ក្នុងចំណោមកំពូលតារាខេប៉ុបទាំង ៣០ ប្រចាំឆ្នាំ ២០២៥ នេះផងដែរ។

ផ្អែកតាម Google Trends តារាប្រុសវ័យ ៣០ឆ្នាំ គឺជាតារាខេប៉ុបដែលមានអ្នកចុចស្វែងរកច្រើនបំផុតនៅឆ្នាំ ២០២៥ ដោយទិន្នន័យពីវេទិកានេះបង្ហាញថា ក្នុងចំណោម ៨១ប្រទេស លោកទទួលបានតំណែងលេខ១ នៅក្នុង៧៧ប្រទេស រួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរ។
បន្ថែមពីនេះ នៅលើទស្សនាវដ្ដី Korea Forbes វិញ V ក៏បានជាប់ចំណាត់ថ្នាក់ជា ១ ក្នុងចំណោមតារាខេប៉ុបទាំង ៣០ ប្រចាំឆ្នាំ ២០២៥ ផងដែរ។ ក្នុងនាមជាតារាប្រុសទោល V បានស្ថិតនៅក្នុងតំណែងលេខ ១នៅលើតារាងនេះ ខណៈក្នុងតំណែងជារួម ម្ចាស់អាល់ប៊ុម Layover រូបនេះបានស្ថិតនៅក្នុងតំណែងលេខ ៥ បន្តពី Jennie, Rosé, Stray Kids និង BTS។

Korea Forbes បានរៀបរាប់ពីតារាប្រុសរូបនេះថា៖ “គ្រប់យ៉ាងដែល V បានធ្វើ សុទ្ធសឹងតែក្លាយជាប្រធានបទពេញនិយមទាំងអស់។ លោកគឺជាចំណុចកណ្ដាលនៃការផ្សាយពាណិជ្ជកម្មនៅជុំវិញពិភពលោក រួមទាំងទីក្រុងសេអ៊ូលផងដែរ”។
“ទាំងចម្រៀង ឬហ្វេសិន V បានបន្ថែមរសជាតិដល់ពិភពលោកនៅគ្រប់ផ្នែក ជាមួយនឹង “ស្ទាយបែប V”។ បន្ថែមពីនេះ មិនថាភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងផ្សេងទៀតដែលលោកទៅជាញឹកញាប់ ក៏បានក្លាយជា “ទីតាំងទេសចរណ៍របស់ V” ផងដែរ”។

បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចយោធាក្នុងខែមិថុនា V បានចាប់ផ្ដើមបន្តសកម្មភាពការងារភ្លាម រួមមានការចូលរួមក្នុងកម្មវិធី First Pitch នៅ Dodger Stadium កម្មវិធី Vogue World: Hollywood និងចូលរួមកម្មវិធីបង្ហាញម៉ូដទាំង ២លើករបស់ម៉ាក CELINE ដែលធ្វើឡើងនៅក្នុងទីក្រុងប៉ារីសផងដែរ។ ទន្ទឹមគ្នានេះ លោកក៏បានធ្វើការជាទូតសុច្ឆន្ទៈរបស់ម៉ាកយីហោធំៗ ដូចជា Coca-Cola, Snow Peak, TIRTIR, YUNTH និង Paradise City ជាដើម។
នៅក្នុងឆ្នាំ ២០២៦នេះ V នឹងត្រឡប់មករួមក្រុមជាមួយនឹង BTS សាជាថ្មី ដោយគ្រោងនឹងបញ្ចេញអាល់ប៊ុមថ្មីនៅក្នុងខែមីនាខាងមុខ បន្តដោយកម្មវិធីប្រគំតន្ត្រីទេសចរណ៍។ បន្ថែមពីនេះ អ្នកគាំទ្រក៏រំពឹងថា តារាប្រុសរូបនេះក៏នឹងមានសកម្មភាពការងារទោលផ្សេងទៀតផងដែរ៕
























Account
Security
Favourite Content