David Steven Cohen អ្នកនិពន្ធរបស់ Cartoon Network និងជាប្រធានផ្នែកអ្នកនិពន្ធស្នាដៃរឿង Courage the Cowardly Dog ឬមហាជនតែងជាប់មាត់ហៅថា Stupid Dog បានទទួលមរណភាពនៅអាយុ ៥៨ឆ្នាំ ដោយសារជំងឺមហារីក។

ព័ត៌មានខាងលើនេះ បានចែករំលែកដោយមិត្តរួមការងារម្នាក់ដែលមានឈ្មោះថា Jerry Beck នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ។ ភ្ជាប់ជាមួយនឹងរូបថតរួមគ្នា លោកបានសរសេររៀបរាប់ថា៖ “R.I.P David Steven Cohen -ខ្ញុំទើបតែទទួលបានដំណឹងថា មិត្តរបស់ខ្ញុំបានស្លាប់ដោយសារជំងឺមហារីក។ គាត់គឺជាអ្នកនិពន្ធ ផលិតករដ៏ជោគជ័យ ជាអ្នកស្រលាញ់គំនូរជីវចល និងមិត្តម្នាក់”។
បន្តពីនេះ លោកក៏បានរំឭកពីស្នាដៃគំនូរជីវចលល្បីៗដែលមិត្តរូបនេះធ្លាប់ធ្វើ ដូចជារឿង ALF TALES និង COURAGE THE COWARDLY DOG ស្នាដៃរឿងភាគបែបកំប្លែង និងភាពយន្ត រួមមាន Pee-Wee’s Playhouse , Alf, BALTO និងជាច្រើនចំណងជើងទៀត សុទ្ធសឹងតែស្នាដៃដ៏ជោគជ័យក្នុងជីវិតរបស់ David Steven Cohen។
មុននឹងបញ្ចប់សំណេររបស់ខ្លួន លោក Jerry Beck ក៏បានលើកសរសើរដល់មិត្តម្នាក់នេះផងដែរថា៖ “អ្នកជាបុរសដ៏អស្ចារ្យម្នាក់។ អ្នកជាមិត្តដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ អ្នកធ្វើបានល្អណាស់ David។ គ្មានថ្ងៃនឹងអ្នកដទៃអាចបំភ្លេចអ្នកបានឡើយ”។

សូមរំឭកពីកិច្ចការដ៏លេចធ្លោដែលធ្វើឱ្យពិភពលោកបានស្គាល់លោក David Steven Cohen ផងដែរថា លោកបានទទួលការងារជាអ្នកនិពន្ធរឿង Courage the Cowardly Dog ចាប់តាំងតែពីរដូវកាលទី១ មកម៉្លេះ មុននឹងឡើងតំណែងជាប្រធានផ្នែកនេះ នៅរដូវកាលទី២ រហូតដល់រដូវកាលទី៤។
លោក David Steven Cohen មានភាពប៉ិនប្រសប់អាចច្របាច់បញ្ចូលទាំងភាពព្រឺព្រួច និងសំណើចរួមគ្នា ខុសប្លែកពីគំនូរជីវចលផ្សេងៗទៀត នាំឱ្យរឿងដែលមានចំណងជើងហៅក្រៅថា Stupid Dog ក្លាយជាការចង់ចាំដ៏ល្អ និងមិនអាចបំភ្លេចពីកុមារភាព របស់អ្នកដែលកើតក្នុងជំនាន់ឆ្នាំ ២០០០ ជាច្រើនរូប ៕


























Account
Security
Favourite Content