«រាត្រីសមោសរ សំពត់បត់ខ្មែរ» ជាកម្មវិធីសិល្បៈបុរាណខ្មែរដ៏កម្រដែលមានតែម្ដងប៉ុណ្ណោះក្នុង១ឆ្នាំ។ ដោយឡែក កម្មវិធីនាលើកនេះមានការចូលរួមពីសំណាក់សិល្បករ-សិល្បៈការិនី ល្បីៗក្នុងប្រទេសជាច្រើនរូប ព្រមជាមួយឱកាសនៃការស្វែងយល់អំពីសម្លៀកបំពាក់បុរាណខ្មែរ។


ថ្ងៃទី ២៤ កុម្ភៈ ២០២៥ នេះកម្មវិធីសិល្បៈបុរាណខ្មែរ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នឹងមានវត្តមានជាថ្មីម្ដងទៀតនៅសាលសន្និសីទចតុមុខ។ ត្រឡប់មកលើកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយសមាគមសិល្បករខ្មែរបានរៀបចំនូវការដើរបង្ហាញម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ (សម័យឧត្ដុង្គមកទល់បច្ចុប្បន្ន) ព្រមទាំងការផ្សព្វផ្សាយឱ្យសាធារណជនបានដឹងអំពីគុណតម្លៃសំពត់បត់ខ្មែរ ដែលអាចបន្តប្រើប្រាស់បានគ្រប់ទីកន្លែង គ្រប់វ័យ គ្រប់កម្មវិធី និងគ្រប់សម័យកាលផងដែរ។
គួរឱ្យដឹងដែរថា កម្មវិធីដ៏សិល្បៈខ្មែរដ៏អស្ចារ្យមួយនេះជាការបំផុសស្មារតីកូនខ្មែរជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីឱ្យងាកមកស្រលាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីដឹងកាន់តែច្បាស់ពីគុណតម្លៃភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរតាមរយៈការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដែលជាកេរដំណែលមរតកវប្បធម៌របស់ដូនតាខ្មែរយើង។






គួររម្លឹកឱ្យដឹងដែរថា កាលឆ្នាំទៅមិញកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ទទួលបានការគាំទ្រយ៉ាងផុលផុសពីសំណាក់មហាជនដោយនៅក្នុងកម្មវិធីមានការតាំងបង្ហាញស្នាដៃផលិតផលសិប្បកម្មខ្មែរ ការចាក់បញ្ចាំងវីដេអូឯកសារស្ដីពីប្រវត្តិសម្លៀកបំពាក់តាមសម័យកាល និងកម្មវិធីសិល្បៈជាច្រើនផ្សេងទៀត។ ចង់ដឹងថាក្នុងឆ្នាំ២០២៥នេះកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» មានអ្វីប្លែក និងអស្ចារ្យរង់ចាំមើលទាំងអស់គ្នានៅរាត្រីថ្ងៃទី ២៤ កុម្ភៈ ២០២៥ នៅសាលសន្និសីទចតុមុខ៕
កម្រងរូបភាពថ្ងៃហាត់សម ៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content