ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូបនឹងបានគ្រងមកុដថ្មីសន្លាងដែលក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា ហៅកាត់ថា CIM ទើបបើកបង្ហាញឱ្យឃើញលើទំព័រហ្វេសប៊ុកក្តៅៗ។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុក Miss Queen Cambodia បានឱ្យដឹងថា មកុដថ្មីទាំង ២ ត្រូវបានរចនាឡើងដោយយករូបរាងតាមលំនាំដំបូលធំ រាងកោងមូលពាក់កណ្តាលនៃប្រាសាទបន្ទាយស្រី ដោយបញ្ចូលជាមួយនិម្មិតសញ្ញាតំណាងបវរកញ្ញាភេទទីបីកម្ពុជានៅចំចំណុចកណ្តាលនៃមមកុដ។ រឹតតែពិសេសខ្លាំង មកុដថ្មីទាំង ២ ខាងលើក៏រំលេចពីផ្ការំដួល ដែលជាផ្កាតំណាងជាតិកម្ពុជាផងដែរ។


ប្រាប់ឱ្យ AMS ដឹងមុននេះបន្តិច លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា (CIM) ថា កន្លងមកយើងធ្លាប់ឃើញមកុដដែលមានរចនាបថប្រាសាទអង្គរវត្តច្រើនមកហើយ តែសម្រាប់រចនាបថប្រាសាទបន្ទាយស្រី គឺកម្រឃើញគេលើកមកធ្វើជាគំនិតបំផុសណាស់ ខណៈដែលក្បូរក្បាច់រចនានៃប្រាង្គប្រាសាទមើលទៅពិតពិតជាប្រណីតខ្លាំងមែនទែន។ ដូច្នេះ ទើប CIM សម្រេចរចនាមកុដនេះឡើងតាមតួប្រាង្គបី មានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។
មួយវិញទៀតនោះ យើងក៏បានដឹងដែលថា ប្រាសាទបន្ទាយស្រី ជាបុរាណស្ថានដ៏ល្បាញល្បីមួយដែលត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយក្បាច់ចម្លាក់យ៉ាងល្អិតឆ្មារ រស់រវើកជាងគេក្នុងចំណោមប្រាសាទខ្មែរដ៍ទៃទៀត។



មិនទាន់អស់នៅឡើយទេ នៅចំពីមុខនៃតួមកុដមាននិម្មិតសញ្ញាតំណាងបវរកញ្ញាភេទទីបីកម្ពុជា ដើម្បីឆ្លុះបញ្ចាំងអត្ថន័យនៃ Miss Queen Cambodia ទោះគ្រប់គ្នាមិនមែនជាមនុស្សស្រីពីកំណើតក៏ពិតមែន ប៉ុន្តែក្រោយពីបានស្វែងរកឃើញពីគុណតម្លៃរបស់ខ្លួនឯង ហើយក្លាហានហ៊ានបង្ហាញពីភាពជាខ្លួនឯងទៅមនុស្សជុំវិញខ្លួន រួមទាំងការប្រតិបត្តិខ្លួនសមសួនដូចជាមនុស្សស្រី ទាំងការរៀបចំរូបសម្បត្តិ ចរិយាសម្បត្តិប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីសម្រេចក្តីប្រាថ្នាក្នុងជីវិត។








លោក ម៉ែន និមលរតន៍ ពិតជាអរគុណដល់ @tieuhoangdong ដែលបានរចនាមកុដទាំងពីរយ៉ាងប្រណីត ប្រកបដោយប្រណីតភាពសម្រាប់ម្ចាស់ជយលាភីទាំង ២រូប។ លោកសង្ឃឹមថា ម្ចាស់ជយលាភីឆ្នាំនេះនឹងពេញចិត្តចំពោះរចនាបថថ្មីនៃមកុដដ៏មានតម្លៃទាំង ២ ហើយមានមោទនភាពដែលបានគ្រងមកុដថ្មីសន្លាងនេះ។
សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Queen Cambodia 2024 នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ជយលាភី ២ រូបពីការប្រកួត Miss Queen Cambodia 2024 នឹងតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ រួមមាន៖ ម្ចាស់មកុដ Miss Queen Cambodia 2024 នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss International Queen Pageant នៅប្រទេសថៃ ខណៈជយលាភីម្នាក់ទៀត នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Star International 2024 នៅខែធ្នូ ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ៕

























Account
Security
Favourite Content