ថ្មីៗ នេះ តារាសម្ដែងហុងកុងជើងចាស់ Chow YunFat បានចូលរួមក្នុងកម្មវិធី Busan International Film Festival។ ក្នុងឱកាសនោះ តារាប្រុសវ័យ ៦៨ ឆ្នាំ ក៏បាននិយាយពីរឿងរ៉ាវមួយចំនួនទាក់ទិននឹងអាជីពសិល្បៈ ៥០ ឆ្នាំរបស់ខ្លួន។ អមជាមួយគ្នា លោកក៏បាននិយាយដល់ពាក្យចចាមអារ៉ាមដែលលើកឡើងថាសុខភាពលោកមិនល្អ និងជិតដល់ពេលវេលាអស់ជីវិតហើយ។

លោកបានលើកឡើងថា លោកមិនខ្លាចការចាស់ ឬការស្លាប់ឡើយ។ មនុស្សកើតមកគង់តែអស់ជីវិតទៅវិញទេ។ លោកអាចស្លាប់ពេលណាក៏មិនដឹង អ៊ីចឹងលោកចង់ចំណាយពេលវេលាចុងក្រោយឲ្យសប្បាយរីករាយជាមួយការរត់ និងដើរនៅតាមភ្នំ ព្រមទាំងតំបន់នានា។
ឆ្លៀតឱកាសនោះ លោកក៏ត្រូវបានគេចោទសួរពីគម្រោងបរិច្ចាគទ្រព្យសម្បត្ដិទាំងអស់ប្រមាណ ៧០០ លានដុល្លារអាមេរិកក្រោយអស់ជីវិត។ លោកបានលើកឡើងថា វាជាគំនិតរបស់ភរិយាលោកដែលចង់បរិច្ចាគប្រាក់ទាំងអស់ជួយដល់សង្គមក្រោយអស់ជីវិត។



សម្រាប់លោកផ្ទាល់ លោកមិនចង់បរិច្ចាគប្រាក់ទាំងអស់ឡើយ ព្រោះវាជាប្រាក់ដែលលោកខំរកមកលំបាក វាគួរតែចំណាយទៅលើកន្លែងត្រឹមត្រូវ។ តែលោកជឿថា លោកកើតមកក្នុងពិភពលោកនេះដោយគ្មានអ្វីទាំងអស់ ពេលត្រូវត្រឡប់ទៅវិញក៏មិនអាចយកអ្វីទៅជាមួយដែរ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។

Chow YunFat ត្រូវបានមហាជនចាត់ទុកជាតារាប្រុសម្នាក់ដែលរស់នៅយ៉ាងសាមញ្ញបំផុតបើទោះជាសល់ទ្រព្យសម្បត្ដិរាប់រយលានដុល្លារអាមេរិកក៏ដោយ។ មួយខែលោកចំណាយអស់តែជាង ១០០ ដុល្លារប៉ុណ្ណោះក្នុងការចាយវាយ និងតែងតែចំណាយពេលទៅរត់ និងដើរកម្សាន្ដតាមភ្នំ។ ទូរស័ព្ទរបស់លោកត្រូវបានរាយការណ៍ថា ប្រើប្រាស់អស់រយៈពេល ១៧ ឆ្នាំទើបផ្លាស់ប្ដូរចេញ៕
























































Account
Security
Favourite Content