ភាពយន្តគំនូរជីវចលរឿងព្រេងនិទានរបស់ចិន “Ne Zha 2” បានក្លាយជាភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោកសម្រាប់ការបញ្ចាំងនៅក្នុងប្រទេសតែមួយ ដោយបានបំបែកកំណត់ត្រារបស់ភាពយន្តហូលីវូដធំៗជាច្រើនដូចជា Avengers: Endgame និង Star Wars: The Force Awakens ។

ផលិតនៅប្រទេសចិនផ្ទាល់ ភាពយន្តនេះបានក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិនរួចទៅហើយកាលពីសប្តាហ៍មុន ពោលគឺតិចជាងពីរសប្តាហ៍ចាប់តាំងពីចេញបញ្ចាំង។
គិតត្រឹមថ្ងៃអាទិត្យ ទី ៩ ខែកុម្ភៈ “Ne Zha 2” រកចំណូលបានជាង ១ ពាន់លានដុល្លារអាមេរិក ថែមទាំងបានក្លាយជាភាពយន្តដែលមិនផលិតនៅហូលីវូដដំបូងគេដែលអាចរកចំណូលបានដល់កម្រិតនេះ។
គួរបញ្ជាក់ថា អ្នកទស្សនាភាពយន្តនៅចិនរាប់លាននាក់បានសម្រុកទៅរោងកុនទូទាំងប្រទេសក្នុងកំលុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិនឆ្នាំ ២០២៥ ដើម្បីទស្សនាភាពយន្តដែលមានការរំពឹងទុកខ្ពស់មួយនេះ ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿង Yang Yu និងបានចេញវគ្គមួយកាលពីឆ្នាំ ២០១៩។



យោងតាមទិន្នន័យចេញផ្សាយដោយវេទិកាលក់សំបុត្រកុនចិន Maoyan និង Beacon ប្រាក់ចំណូលសរុប រួមទាំងតួលេខអ្នកកក់សំបុត្រទុកមុនសម្រាប់រឿងនេះ បានកើនឡើងដល់ ៨ ពាន់លានយន់ ឬប្រមាណ ១,១១ ពាន់លានដុល្លារ នៅថ្ងៃទី ៩ ខែកុម្ភៈ។
អ្នកនាំពាក្យក្រុមហ៊ុន Maoyan លោក Lai Li បានឱ្យដឹងថា ភាពយន្ត “Ne Zha 2” អាចរកចំណូលបានជាង ៦,៨ ពាន់លានយន់ក្នុងរយៈពេល ១០ ថ្ងៃដំបូងក្រោយចេញផ្សាយថ្ងៃទី ២៩ ខែមករា និងបានទាក់ទាញអ្នកទស្សនាភាពយន្តច្រើនជាង ១៦០ លាននាក់មកទល់នឹងបច្ចុប្បន្ន ធ្វើឱ្យរឿងនេះក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតរបស់ប្រទេសចិន ហើយក៏ជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតរបស់ពិភពលោកសម្រាប់ការបញ្ចាំងក្នុងទីផ្សារតែមួយ។
លោក Lai បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា៖ “ភាពជោគជ័យរបស់ Ne Zha 2 បានកំណត់តំណែងថ្មីសម្រាប់ភាពយន្តចិនឆ្នាំនេះ។ វាបង្ហាញពីកំណើនមិនគួរឱ្យជឿ និងសក្ដានុពលរីកចម្រើននៃទីផ្សារភាពយន្តរបស់ប្រទេសចិន ដែលធ្វើឱ្យពួកយើងកាន់តែរំភើបក្នុងការតាមដានភាពយន្តចិនថ្មីៗដែលនឹងចេញបន្តបន្ទាប់ក្នុងឆ្នាំ២០២៥” ៕


























Account
Security
Favourite Content