កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ Lil Tay បានធ្វើឱ្យមហាជនជាច្រើនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគណនី Instagram ផ្លូវការរបស់នាងបានប្រកាសពីដំណឹងមរណៈភាពរបស់នាង និងបងប្រុស។

ភ្លាមៗ ដែរ សារព័ត៌មានជាច្រើនបានព្យាយាមទាក់ទងទៅកាន់ក្រុមគ្រួសាររបស់នាងដើម្បីសួរបញ្ជាក់ពីដំណឹងមរណភាពរបស់នាង និងបងប្រុស ប៉ុន្ដែពួកគេមិនបានបញ្ជាក់ច្បាស់លាស់ឡើយពីស្ថានភាពរបស់ Lil Tay និងបងប្រុស។ ហេតុដូច្នេះបានធ្វើឱ្យមនុស្សជាច្រើនជឿថា ពួកគេនៅមានជីវិតនៅឡើយគ្រាន់តែមានបញ្ហាពីក្រោយ ឬចង់បានចំណាប់អារម្មណ៍ជាដើម។
យោងតាមប្រភពព័ត៌មាន Philstarlife នៅព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា Lil Tay និងបងប្រុស នៅមានជីវិតនៅឡើយបច្ចុប្បន្នពួកគេទាំងពីរគឺមានសុវត្ថិភាពគ្រាន់តែមានការភ័យខ្លាចពីរឿងរ៉ាវដែលបានកើតឡើង។


Lil Tay បានលើកឡើងថា នាងពិតជាគាំងស្មារតីនិយាយអ្វីមិនចេញឡើយគឺស្លុតចិត្ត ដោយសារតែអ្នកដែលស្គាល់នាងជាច្រើនបានព្យាយាមទាក់ទងមកកាន់នាងដើម្បីសួរនាំពីរឿងរ៉ាវដែលបានបង្ហោះលើបណ្ដាញសង្គមអំពីរូបនាង និងបងប្រុសបានស្លាប់បាត់បង់ជីវិត។
នាងបានបន្ដថា៖ គណនី Instagram ផ្លូវការរបស់នាងត្រូវបានជនមិនស្គាល់អត្ដសញ្ញាណបានលួចចូលយកទៅប្រើប្រាស់ និងបង្ហោះរឿងអកុសលបែបនេះ។ នាងពិតជារន្ធត់ចិត្តចំពោះរឿងដែលបានកើតឡើង។

ក្រោយពីបានដឹងដំណឹងនេះមនុស្សជាច្រើនក៏បានបង្ហាញក្ដីរីករាយដែលនាង និងបងប្រុសមានសុវត្ថិភាព ប៉ុន្ដែក៏មានអ្នកលេងលើបណ្ដាញសង្គមមួយចំនួនហាក់មានការមិនពេញចិត្តព្រមទាំងលើកឡើងថាវាគ្រាន់ជាល្បិចរបស់នាងដើម្បីទាញយកចំណាប់អារម្មណ៍ប៉ុណ្ណោះដោយសារនាងជាក្មេងម្នាក់ដែលតែងចង់បានចំណាប់អារម្មណ៍។
គួរបញ្ជាក់ថា Lil Tay ជាក្មេងស្រីម្នាក់ដែលត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ ២០១៨ ដោយសារតែរូបនាងចូលចិត្តថតបង្ហោះពីជីវិតហ៊ឺហារ និងបង្ហាញឡានទំនើបតម្លៃខ្ទង់លានជាដើមកាលនោះនាងមានអាយុទើប ៩ ឆ្នាំ។ ក្រោយមកទើបមហាជនដឹងថា នាងមិនមែនជាកូនស្រីអ្នកអភិជនអ្វីឡើយដោយលុយឡានទាំងនោះជារបស់ក្រុមហ៊ុនអចលនទ្រព្យដែលម្ដាយនាងធ្វើការប៉ុណ្ណោះ៕


























Account
Security
Favourite Content