ទោះបីជាមានវ័យក្មេង តែការពិតតារាប្រុសស្រីល្បីៗជាច្រើនដួងបានប្រឡូកក្នុងវិស័យនេះអស់រាប់ទសវត្សរ៍មកហើយ ដោយសារតែពួកគេបានចាប់ផ្តើមការងារសិល្បៈតាំងពីនៅវ័យកុមារ។ ដូច្នេះថ្ងៃនេះ AMS នឹងនាំប្រិយមិត្តមកមើលតារាស្រី ៧ ដួងដែលចាប់ផ្ដើមអាជីពតាំងពីក្មេង និងបានវិវត្តខ្លួនរហូតមានឋានៈជាតារាស្រីលំដាប់កំពូល។
១. Kim Yoo Jung

ចាប់ផ្ដើមដំបូងគេគឺតារាស្រី Kim Yoo Jung ដែលបច្ចុប្បន្នមានអាយុត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានប្រឡូកក្នុងវិស័យនេះអស់រយៈពេល ២១ ឆ្នាំមកហើយ។ តារាសម្តែងទេពកោសល្យខ្ពស់រូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៣ នៅពេលនាងមានអាយុ ៤ ឆ្នាំដោយចាប់ផ្តើមអាជីពជាតារាសម្តែងកុមារ។ ជាមួយនឹងរូបរាងដ៏គួរឱ្យស្រលាញ់ និងសមត្ថភាពសម្ដែងមិនគួរឱ្យជឿ Kim Yoo Jung ចំណាយពេលមិនយូរនោះឡើយដើម្បីក្លាយជាតារាស្រីកំពូលម្នាក់របស់កូរ៉េខាងត្បូង។ នៅទីបំផុតនាងត្រូវបានគេដាក់រហ័សនាមថា “ប្អូនស្រីតូចរបស់ជាតិ” សម្រាប់សមត្ថភាព និងប្រជាប្រិយភាពលំដាប់កំពូលរបស់នាង។


២. Lee Se Young

តារាសម្ដែង Lee Se Young បានបង្ហាញខ្លួនជាលើកដំបូងនៅពេលដែលនាងមានអាយុ ៥ ឆ្នាំ ក្នុងឆ្នាំ ១៩៩៧ និងទទួលបានភាពល្បីល្បាញបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងរឿង The Red Sleeve និងThe Story of Park’s Marriage Contract ដែលធ្វើឱ្យនាងក្លាយជាតារាជើងចាស់នៅក្នុងវិស័យសិល្បៈជាមួយនឹងបទពិសោធន៍ជិត ៣០ ឆ្នាំ។ ហើយខណៈពេលដែល Lee Se Young មានជំនាញពិតប្រាកដក្នុងការសម្ដែងនោះ ក៏មានសេចក្ដីរាយការណ៍ថាម្តាយរបស់នាងគឺជាអ្នកចុះហត្ថលេខាឱ្យនាងក្លាយជាតារាសម្តែង។ ម្តាយរបស់នាងមានការភ័យខ្លាចថាកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួនអាចត្រូវបានគេចាប់ជំរិត ដូច្នេះគាត់ចង់ឱ្យមុខរបស់ Lee Se Young លេចលើកញ្ចក់ទូរទស្សន៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទីបំផុតនាងក៏បានក្លាយជាតារាសម្ដែងដ៏ល្បីល្បាញ។
៣. Kim So Hyun

មកដល់លេខ៣ គឺជាតារាស្រីដ៏ល្បីលំដាប់ប្រទេសមួយរូបទៀតគឺ Kim So Hyun។ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០០៦ នៅពេលមានអាយុ ៧ ឆ្នាំ។ Kim So Hyun ទទួលបានភាពល្បីល្បាញខ្លាំងនៅពេលដែលនាងមានអាយុ ១៣ ឆ្នាំសម្រាប់ការសម្ដែងនៅក្នុងរឿង Moon Embracing the Sun ។ ចាប់តាំងពីពេលនោះមក តារាស្រីរូបនេះ បានក្លាយជាតារាស្រីមួយដួង ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងប្រទេស ដោយនាងបានចូលប្រឡូកការសម្ដែងរឿងធំៗជាបន្តបន្ទាប់។ ស្នាដៃដែលគួរអោយចាប់អារម្មណ៍បំផុតក្នុងអាជីពរបស់នាងមានដូចជា Rooftop Prince, I Miss You, IRIS 2, Love Alarm, River Where The Moon Rise និង My Lovely Liar ។
៤. Park Eun Bin

តារាសម្ដែង Park Eun Bin គឺជាតារាស្រីជួរមុខម្នាក់ទៀត ដែលបានចាប់អាជីពសម្ដែងតាំងពីកុមារ។ បង្ហាញខ្លួនជាលើកដំបូងកាលពីអាយុ ៦ ឆ្នាំ Park Eun Bin បានសម្តែងនៅក្នុងរឿងភាគជាច្រើនកាលពីកុមារភាព។ ខណៈបន្តរីកចម្រើនក្នុងនាមជាតារាសម្ដែងកុមារ Park Eun Bin ត្រូវចំណាយពេលយូរបន្តិច ដើម្បីទទួលបានតំណែងតួឯកដំបូង។ ត្រលប់ទៅឆ្នាំ ២០១២ នៅពេលដែលនាងត្រូវបានជ្រើសរើសជាតួឯកស្រីនៅក្នុង Operation Proposal នៅពេលនោះនាងមានអាយុ ២០ ឆ្នាំ ហើយជាច្រើនឆ្នាំបន្តមកទៀត Park Eun Bin បានបង្កើនភាពល្បីល្បាញរបស់ខ្លួនបន្តិចម្តងៗរហូតក្លាយជាតារាស្រីសំណព្វបេះដូងជួរមុខរបស់កូរ៉េ ជាមួយការសម្ដែងក្នុងរឿងល្បីៗដូចជា The King’s Affection, Extraordinary Attorney Woo និង Castaway Diva ។
៥. Kim Hyun Soo

Kim Hyun Soo ចាប់ផ្តើមសម្តែងនៅពេលនាងមានអាយុ ១១ ឆ្នាំតាមរយៈខ្សែភាពយន្ត Silenced ដែលតាមរយៈរឿងនេះនាងបានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់តួរងស្រីឆ្នើមនៅកម្មវិធី Grand Bell Awards លើកទី ៤៩ ។ ចាប់តាំងពីពេលនោះមក នាងក៏បានតំណែងជាតួឯកស្រីក្នុងរឿងភាគជាច្រើន រួមទាំង My Love from the Star ផងដែរ។ នាងក៏បានសម្តែងក្នុងវីដេអូចម្រៀងរួមគ្នារបស់ IU និង Seo Taiji ដែលមានចំណងជើងថា “Sogyeokdong” ផងដែរ។
នៅពេលចម្រើនវ័យកាន់តែច្រើន នាងក៏ចាប់ផ្តើមទទួលបានតំណែងតួឯកកាន់តែច្រើន ជាពិសេសគឺតួអង្គ Bae Rona នៅក្នុងរឿងភាគ Penthouse ។


៦. Moon Geun Young

Moon Geun Young បានបង្ហាញខ្លួនដំបូងនៅអាយុ ១២ ឆ្នាំក្នុងរឿងភាគ Burnt Rice Teacher and Seven Potatoes។ បន្តបន្ទាប់មកនាងបានសម្តែងជាតួ Song Hye Kyo កាលនៅក្មេងក្នុងរឿង Autumn in My Heart ដែលធ្វើឱ្យនាងចាប់ផ្ដើមមានឈ្មោះបោះសំឡេង។ ចាប់តាំងពីពេលនោះមក នាងបានសម្តែងក្នុងរឿងភាគ និងភាពយន្តល្បីៗជាច្រើន រួមមាន A Tale of Two Sisters, Cheongdam-dong Alice, Catch the Ghost និង The Throne ។

៧. Kim Hyang Gi

Kim Hyang Gi បានបង្ហាញខ្លួនដំបូងនៅអាយុ ៦ ឆ្នាំក្នុងរឿង Heart Is…។ បន្ទាប់មកនាងក៏ត្រូវបានគេស្គាល់កាន់តែច្រើនតាមរយៈ ភាពយន្តភាគ The Queen’s Classroom ខណៈរឿងដែលធ្វើឱ្យនាងទទួលបានភាពល្បីល្បាញដល់កំពូលគឺការសម្ដែងជាតួឯកក្នុងខ្សែភាពយន្តរឿង Along With the Gods។ នាងក៏បានដើរតួជាតួឯកក្នុងរឿងភាគPoong, the Joseon Psychiatrist ផងដែរ ៕
























Account
Security
Favourite Content