អ្នកនាង កែវ ចាន់និមល ជាពិធីការិនីមួយរូបដែលមានទេពកោសល្យ ចេះប្រើសំនួនពាក្យពេចន៍ខ្មែរក្នុងអាជីពជាអ្នកប្រើដើមទុនសំឡេង អត្ថាធិប្បាយយ៉ាងសមសួន តាមបរិយាកាសនៃកម្មវិធី។
បើប្រៀបធៀបជាមួយអ្នកប្រកបអាជីពពិធីការិនីរលកក្រោយ ពិធិការិនីរូបនេះ នៅតែមានឥទ្ធិពល និងមានភាពលេចធ្លោ ដោយនាងក្តោបតំណែងពិធីការិនីស្ទើរគ្រប់កម្មវិធីកម្សាន្តរបស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រួមទាំងកម្មវិធីលំដាប់អន្តរជាតិដូចជា កម្មវិធី Cambodian Idol គ្រប់រដូវកាល កម្មវិធី The Voice Kids Cambodia និងកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់រៀងរាល់ចុងសប្តាហ៍ទៀតផង។ ក្រៅពីនេះ អ្នកនាងក៏ទទួលធ្វើពិធីការិនីតាមកម្មវិធីផ្សេងៗឱ្យបណ្តាក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ។

ខណៈអាជីពពិធីការិនីកំពុងមានផ្លែផ្កាជាទីគាប់ចិត្ត ស្រាប់តែថ្មីៗកន្លងទៅនេះមានហ្វេនអ្នកប្រើប្រាស់ Tik Tok ម្នាក់បានសុំឱ្យអ្នកនាងចែករំលែកវិធីសាស្ត្រធ្វើយ៉ាងម៉េច ដើម្បីអាចក្លាយជាពិធីការិនីបាន។ រំពេចនោះអ្នកម៉ាក់កូន ២ រូបនេះ បានឆ្លើយតបថា ជាទស្សនៈរបស់អ្នកនាង គឺមិនថាស្រី ឬប្រុសសុទ្ធតែអាចចាប់អាជីពនេះបានដូចគ្នា ឱ្យតែអ្នកមានភាពក្លាហាន និងជឿជាក់លើខ្លួនឯង។
សំខាន់មួយទៀត គឺយើងយល់ច្បាស់ថាកម្មវិធីគេចង់បានអីគេ ហើយគេចង់ប្រាប់អ្វីទៅកាន់ទស្សនិកជន បន្ទាប់ពីយើងយល់ច្បាស់ហើយ គឺ automatic យើងនឹងជឿជាក់លើការនិយាយហើយ។ អ្នកនាងជឿជាក់ថា បើមានចំណុចតូចៗទាំងនេះ គ្រប់គ្នានឹងអាចចាប់អាជីពនេះបានមិនខាន។


គួរកត់សម្គាល់ថា ពិធីការិនីឆ្នើម កែវ ចាន់និមល កាន់តែមានក្តីសុខឡើងរាល់ថ្ងៃ ក្រោយសម្រាលបានកូនប្រុសម្នាក់ទៀតតាមបំណងប្រាថ្នា។ មិនត្រឹមតែគ្រួសារមានសុភមង្គលប៉ុណ្ណោះទេ អាជីពការងារ និងមុខរបររកស៊ីរបស់អ្នកនាងក៏រលូនកាក់កបដូចគ្នាដែរ រហូតមានការលើកឡើងថា ជីវិតនាងសមប្រកបគ្រប់យ៉ាងតែម្តង។
តួយ៉ាង ថ្មីៗនេះអ្នកនាងទើបបើកហាងធ្វើក្រចកស្តង់ដាអាមេរិក ឈ្មោះថា Nimol Nails salon នៅបុរីជីបម៉ុង៦០ ម៉ែត្រ (អ៉ីអន3) ថែមទាំងបង្ហើបឱ្យហ្វេនដឹងថា នៅពេលហាងដំណើរការរលូន អ្នកនាងមានគម្រោងលក់បន្តផលិតផលផ្នែកក្រចកឱ្យបងប្អូនដែលរកស៊ីរបរនេះអាចទិញបន្តយកទៅប្រើប្រាស់តាមតម្រូវការបានទៀតផង៕

























Account
Security
Favourite Content